ប្រទេសកាណាដា បានបើកទ្វារទទួលរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន ក្នុងនោះជំហានដំបូង បើកឲ្យចូលប្រមាណ ៤៩០០០គ្រឿង ជាមួយអត្រាពន្ធត្រឹមតែ ៦,១% ប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលលើសពីការប៉ាន់ស្មាននោះ គឺក្រុមហ៊ុន Tesla ឯណោះវិញទេ ដែលជាអ្នកឈ្នះក្នុងកិច្ចព្រមព្រៀងរវាងកាណាដា និងចិនអំពីការនាំចូលរថយន្តអគ្គិសនីនេះ។
នៅក្នុងខែឧសភា ឆ្នាំ២០២៦ រថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន ចំនួន ២៩១០ គ្រឿង ត្រូវបាននាំចូលមកកាន់ទីផ្សារប្រទេសកាណាដា។ បើយោងតាមការចុះផ្សាយរបស់វិបសាយ Drive Tesla Canada ឲ្យដឹងថា ក្នុងចំណោមរថយន្តដែលនាំចូលនោះគឺសុទ្ធតែជារថយន្ត Tesla Model 3 ដែលផលិតនៅរោងចក្រ Giga Shanghai ប្រទេសចិន មានចំនួនដល់ ២៨៩២គ្រឿងទៅហើយ ចំណែករថយន្តប្រេនចិន គឺមានតែ ១៨គ្រឿងប៉ុណ្ណោះ ដែលត្រូវបានគេដឹងថាជារថយន្តម៉ាក Lotus Eletre របស់ក្រុមហ៊ុន Geely។

ការពិតទៅមូលហេតុដែលរថយន្ត Tesla ផលិតនៅចិន ហើយបានចូលទីផ្សារកាណាដាបានច្រើន និងលឿនបែបនេះ ក៏ដោយសារតែរោងចក្រ Giga Shanghai នេះ បានបំពាក់គ្រឿងបរិក្ខារផលិតស្របតាមស្តង់ដាររបស់កាណាដារួចស្រេចជាយូរមកហើយ ពោលគឺរថយន្ត Tesla ដែលផលិតនៅរោងចក្រនេះ បានឆ្លើយតបទៅនឹងស្តង់ដារសុវត្ថិភាពរបស់ក្រសួងដឹកជញ្ជូននៃប្រទេសកាណាដា។
ចំណែកក្រុមហ៊ុនរថយន្តអគ្គិសនីចិនផ្សេងៗ ត្រូវការចំណាយពេលយ៉ាងហោចណាស់ក៏ ១២ខែ ទៅ ១៨ខែដែរ ដើម្បីទទួលបានអាជ្ញាបណ្ណសម្រាប់ផលិតរថយន្ត ដែលត្រូវនឹងស្តង់ដារសម្រាប់ទីផ្សារប្រទេសកាណាដា៕

























