Tesla កំពុងត្រៀមខ្លួនចូលទីផ្សារឥណ្ឌា នៅឆ្នាំ ២០២១

នៅទីបំផុត ក្រុមហ៊ុន Tesla នឹងចេញលក់របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សាររថយន្តធំជាងគេ ទី ៥ របស់ពិភពលោក នៅឆ្នាំ ២០២១។ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនឥណ្ឌា និង លោក Elon Musk ។

ថ្លែងទៅកាន់កាសែត Indian Express លោក Nitin Gadkari បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Tesla នឹងចាប់ផ្តើមលក់រថយន្តរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ហើយបន្ទាប់មកនឹងសម្រេចចិត្តលើការដំឡើង និងការផលិតរថយន្ត អាស្រ័យលើតម្រូវការទីផ្សារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះដែរ លោក Elon Musk បាននិយាយនៅលើបណ្តាញសង្គម Twitter ថា ក្រុមហ៊ុន Tesla ពិតជានឹងចូលទីផ្សារឥណ្ឌា នៅឆ្នាំ ២០២១ មែន គ្រាន់តែមិនមែននៅក្នុងខែមករា ដូចពាក្យចចាមអារាមពីមុននោះទេ។

យោងតាមសារព័ត៌មាន Reuters បានរាយការណ៍ថា ប្រទេសឥណ្ឌាកំពុងប្រឹងប្រែងក្នុងការជំរុញយានយន្តអគ្គិសនី ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែករបស់ប្រទេសលើប្រេង ប៉ុន្តែរហូតមកដល់ពេលនេះ បញ្ហាទាំងនេះត្រូវបានរារាំងដោយកង្វះការវិនិយោគក្នុងផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងស្ថានីយបញ្ចូលភ្លើងផងដែរ។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលឥណ្ឌា បានប្រកាសកាលពីខែកញ្ញាថា ពួកគេមានផែនការផ្តល់ប្រាក់លើកទឹកចិត្តចំនួន ៤,៦ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០ ដល់ក្រុមហ៊ុននានាដើម្បីបង្កើតរោងចក្រផលិតអាគុយរថយន្តអគ្គិសនី នៅក្នុងប្រទេសទៀតផង។

យ៉ាងណាមិញ មានតែរថយន្តអគ្គិសនីចំនួន ៣០០ គ្រឿងប៉ុណ្ណោះ ដែលត្រូវបានលក់ក្នុងស្រុក ក្នុងអំឡុងឆ្នាំ ២០១៩ បើធៀបនឹងរថយន្តចេះហេះក្នុង (ប្រេងសាំង) វិញ គឺ ១,៧ លានគ្រឿងឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម