Nissan ទទួលស្គាល់ថាឡានស៊េរីចាស់ៗធ្វើឲ្យចំនួនលក់ធ្លាក់ចុះ

Nissan បាន​ទទួល​ស្គាល់​ថា​រថយន្ត​ដែល​ខ្លួន​បាន​ប្រកាស​ចេញ​នៅ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​គឺ​មាន​ចំនួន​ច្រើន​លើសលប់​ ធ្វើ​ឲ្យ​​រថយន្ត​មួយ​ចំនួន​មាន​អាយុ​កាល​ច្រើន ពោល​គឺ​មិន​បាន​ឡើង​ស៊េរី​រថយន្ត​គ្រប់​ម៉ូដែល​នោះ​ឡើយ។

​ហេតុផល​នេះ​ហើយ​ដែល​នាំ​ឲ្យ​ចំនួន​លក់​របស់ Nissan មាន​ការ​ធ្លាក់​ចុះ​​ច្រើន​គួរ​សម ជា​ពិសេស​គឺ​នៅ​អឺរ៉ុប។ នៅ​ឆ្នាំ ២០១៧ ក្រុមហ៊ុន​អាច​លក់​រថយន្ត​នៅ​អឺរ៉ុប​បាន​ ៥៦៦ ១៩១គ្រឿង ហើយ​នៅ​ឆ្នាំ ២០១៩ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៣៩៤ ០៩១​គ្រឿង​ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ Car Magazine លោក Ashwani Gupta ជា​នាយក​ប្រតិបត្តិ​សកល​នៅ Nissan បាន​​និយាយ​ដូច​នេះ​ថា ៖ “យើង​ដើរ​លឿន​ពេក​ក្នុង​ការ​ពង្រីក​ទីផ្សារ​ក្នុង​ពិភពលោក ដោយ​រំពឹង​ថា​ទីផ្សារ​របស់​យើង​នឹង​រីក​ធំ ហើយ​ចំនួន​លក់​របស់​យើង​នឹង​​កាន់​តែ​ល្អ។ ប៉ុន្តែ​ទាំង​ពីរ​នេះ​មិន​បាន​កើត​ឡើង​ឡើយ។​”

លោក​ Gupta បាន​បន្ត​ថា​ ៖ “ជា​លទ្ធផល​ យើង​មាន​រថយន្ត​ជា​ច្រើន​ដែល​ខក​ខាន​មិន​បាន​ទទួល​បាន​កែប្រែ​រូបរាង (ចេញ​ជា​ស៊េរី​ថ្ម) គឺ​ដោយ​សារ​រថយន្ត​របស់​យើង​មាន​ច្រើន​ម៉ូដែល​ពេក។ វា​​ក៏​ដោយ​សារ​ការ​បណ្ដាក់​ទុន​ផង​ដែរ ប្រសិន​បើ​អ្នក​មិន​មាន​​​​ទឹក​ប្រាក់​​​​ នោះ​ក៏​មិន​​អាច​ចេញ​រថយន្ត​ស៊េរី​ថ្មី​បាន​ដែរ។”

ដោយ​សារ​មើល​ឃើញ​ពី​កំហុស​ឆ្គង​នេះ លោក Gupta បាន​និយាយ​ថា​ Nissan បាន​ផ្លាស់​ប្ដូរ​នូវ​​ផែនការ​យុទ្ធសាស្ត្រ​ដោយ​​​អនុវត្តន៍​វិធីសាស្ត្រ​កាត់​បន្ថយ​ការ​ចំណាយ និង​បញ្ឈប់​ការ​ផលិត​រថយន្ត​ដែល​មិន​សូវ​មាន​ទីផ្សារ។ Nissan នឹង​សហការ​ជា​មួយ Renault ដោយ​ផ្ដោត​លើ​ទីផ្សារ​សំខាន់ៗ​របស់​ខ្លួន​ដែល​មាន​​សហរដ្ឋអាមេរិក ចិន និង​ជប៉ុន។

នៅ​ទីផ្សារ​អឺរ៉ុប​ Nissan នឹង​ផ្ដោត​សំខាន់​លើ​រថយន្ត​​តួ​ខ្ពស់​មាន​ដូច​ជា​ Qashqai, Juke និង X-Trail ដែល​ជា​រថយន្ត​មាន​សក្ដានុពល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម