នៅឆ្នាំ ២០២០ នេះ ក្រុមហ៊ុន Tesla អាចលក់រថយន្តបានប្រហែល ១២ម៉ឺនគ្រឿងក្នុងប្រទេសចិន ដែលធ្វើឲ្យប្រទេសនេះក្លាយជាទីផ្សារធំទីពីររបស់ Tesla បន្ទាប់ពីសហរដ្ឋអាមេរិក។ ចំនួនលក់របស់ Tesla អាចនឹងមានការកើនឡើងកាន់តែច្រើនក្នុងឆ្នាំ ២០២១ ប៉ុន្តែក៏នឹងរងការប្រកួតប្រជែងពីក្រុមហ៊ុនក្នុងស្រុកជាច្រើនផងដែរ។
សមាគមយានយន្តចិនបានប៉ាន់ស្មានថា Tesla នឹងអាចលក់រថយន្តបានច្រើនដល់ ២៨ម៉ឺនគ្រឿងនៅប្រទេសចិន ដោយសារ Tesla កំពុងផលិតរថយន្តមួយម៉ូដែលទៀតគឺ Tesla Model Y សម្រាប់លក់លើទីផ្សារប្រទេសចិន។ លោក Elon Musk បានរំពឹងថា Model Y នឹងអាចលក់ដាច់បានច្រើនជាង Model 3, Model S និង Model X រួមបញ្ចូលគ្នាទៅទៀត។
ស្របពេលដែលចំនួនលក់របស់ Tesla រំពឹងថាកើនឡើង សមាគមយានយន្តចិនបានប៉ាន់ស្មានថានៅឆ្នាំ ២០២១ នៅប្រទេសចិននឹងមានការលក់ចេញរថយន្តអគ្គិសនីបាន ១,៧លានគ្រឿង ដែលមានន័យថានៅសេសសល់ចំណែកទីផ្សារ ៨០% ទៀតសម្រាប់ក្រុមហ៊ុនដទៃ។ ក្រុមហ៊ុនក្នុងស្រុកដែលអាចជាគូប្រជែងរបស់ Tesla មានដូចជា Nio, Xpeng និង Li ជាដើម។
មិនមែនតែក្រុមហ៊ុនចិននោះទេដែល Tesla ត្រូវព្រួយបារម្ភ ក្រុមហ៊ុនរថយន្តដទៃទៀតដូចជា Volkswagen និង Mercedes-Benz ក៏កំពុងដុតដៃដុតជើងក្នុងការបង្កើនចំនួនរថយន្តអគ្គិសនីរបស់ខ្លួនផងដែរ៕