ក្រុមហ៊ុណ Acura បានចាប់ផ្តើមសង្វាក់ផលិតកម្មនៃរថយន្ត MDX ជំនាន់ថ្មីរបស់ខ្លួន នៅឯរោងចក្រ East Liberty Auto Plant ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក។
រថយន្ត Acura MDX ជំនាន់ថ្មី ស៊េរីឆ្នាំ២០២២ នេះ ទទួលបានការឌីហ្សាញថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងខាងក្នុង ហើយប្រើប្រាស់គ្រោងឆ្អឹងថ្មីទៀតផង។ រថយន្ត SUV នេះនឹងមានលក់នៅទូទាំងសហរដ្ឋអាមេរិក នាខែកុម្ភៈខាងមុខ ជាមួយនឹងតម្លៃចាប់ពី ៤៦ ៩០០ដុល្លារ សម្រាប់ប្រភេទ Base Model ប្រើប៉ុងមួយវិលកង់មុខ FWD។ ដោយឡែក ចំពោះប្រភេទប្រើប៉ុងពីរវិញ នឹងមានតម្លៃចន្លោះពី ៤៨ ៩០០ដុល្លារ និង ៦០ ៦៥០ដុល្លារ។
រថយន្ត Acura MDX ថ្មី មានបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ V6 មានកម្លាំង ២៩០សេះ ដំណើរការដោយប្រអប់លេខអូតូ ១០វគ្គ និងប៉ុងមួយវិលកង់មុខមកស្តង់ដារ ខណៈប្រព័ន្ធប៉ុងពីរ Torque Vectoring SH-AWD ដ៏ល្បីរបស់ Acura គឺជា Option។
MDX ឆ្នាំ២០២២ ក៏នឹងមានម៉ូដែល MDX Type S ផងដែរ ដោយនឹងបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged V6 មានកម្លាំងដល់ ៣៥៥សេះឯណោះ៕