ចូលធ្វើការប៉ុន្មានថ្ងៃសោះ បុគ្គលិកម្នាក់លួចបានឯកសារសម្ងាត់របស់ Tesla

Tesla បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងអតីតបុគ្គលិកម្នាក់ដែលបានលួចយកឯកសារសម្ងាត់នៃអាជីវកម្មរបស់ខ្លួន។

បើផ្អែកតាមពាក្យបណ្ដឹង​បុគ្គលិកឈ្មោះថា Alex Khatilov ដែលត្រូវបានជួលឲ្យបម្រើការងារដោយ Tesla បានលួចយកឯកសារសម្ងាត់ដែលក្រុមហ៊ុនខិតខំអភិវឌ្ឍន៍អស់ជាច្រើនឆ្នាំ ក្រោយពីរូបគេបានបម្រើការងារត្រឹម ៣ថ្ងៃប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រឿងរ៉ាវបានចាប់ផ្ដើមតាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​ ២០២០ ពេលដែល​ Tesla បានជួល Khatilov ឲ្យមកបម្រើការងារជាវិស្វករផ្នែក Software ស្វ័យប្រវត្តិកម្ម។ ក្រោយបានចូលបម្រើការងារភ្លាម Khatilov បានចាប់ផ្ដើមលួចយកឯកសារសម្ងាត់អស់ជាច្រើនពាន់ច្បាប់ពី Network ផ្ទៃរបស់ក្រុមហ៊ុន និងបានផ្ទេរឯកសារនោះទៅកាន់គណនី Dropbox ផ្ទាល់ខ្លួន។

ពេលអ្នកស៊ើបអង្កេតសុំមើលគណនី Dropbox គេឃើញមានឯកសាររបស់ក្រុមហ៊ុន Tesla ជាច្រើនដែលសុទ្ធតែជាឯកសារសម្ងាត់។ ចំពោះពាក្យបណ្ដឹងដែល Tesla ដាក់ជូនតុលាការ គឺក្រុមហ៊ុនបានសុំទាមទារឲ្យមានការប្រគល់សម្ភារៈ និងព័ត៌មាន​ ព្រមទាំងប្រាប់អំពីបុគ្គលដែលរូបគេបានផ្ដល់សិទ្ធិដើម្បីចូលមើលឯកសារសម្ងាត់ដែលរូបគេលួចបានផងដែរ។ មិនទាន់អស់ទេ Tesla បានទាមទារប្រាក់សំណងជំងឺចិត្ត ថ្លៃខូចខាត ថ្លៃមេធាវី ក៏ដូចជាថ្លៃស៊ើបអង្កេតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម