បើតាមការឲ្យដឹងពីលោក Elon Musk នាយកប្រតិបត្តិ Tesla រថយន្តភីកអាប់អគ្គិសនី Cybertruck អាចនឹងចាប់ផ្ដើមការដឹកជញ្ជូនជូនអតិថិជនជាលើកដំបូងនៅអំឡុងចុងឆ្នាំ ២០២១ នេះហើយ។
លោក Elon Musk បាននិយាយអំឡុងកិច្ចប្រជុំជាមួយវិនិយោគិនកាលពីថ្មីៗកន្លងទៅនេះថា ៖ “ខ្ញុំគិតថាវានឹងជារថយន្តដ៏អស្ចារ្យមួយ។ ប្រសិនបើយើងសំណាង យើងអាចនឹងធ្វើការដឹកជញ្ជូនមួយចំនួននៅត្រឹមចុងឆ្នាំនេះ។ ប៉ុន្តែខ្ញុំរំពឹងថាការផលិតទ្រង់ទ្រាយធំអាចនឹងកើតមានឡើងនៅឆ្នាំ ២០២២។”
រថយន្ត Tesla Cybertruck ដំបូងដែលនឹងបង្ហាញវត្តមានលើទីផ្សារនឹងជាប្រភេទប្រើប្រាស់ម៉ូទ័រអគ្គិសនីបី ដែលវាមានសមត្ថភាពអាចស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ដោយប្រើពេលត្រឹម ២,៩វិនាទី រួមជាមួយចម្ងាយបើកបរ ៨០៤គីឡូម៉ែត្រផងដែរ។
រថយន្តភីកអាប់អគ្គិសនីដែលប្រើម៉ូទ័រអគ្គិសនីបីនឹងមានសមត្ថភាពអាចអូសណ្ដោងបានទម្ងន់ ៧តោន និងសមត្ថភាពផ្ទុកទម្ងន់បាន ១,៧តោនផងដែរ។ រថយន្តនេះក៏មានសមត្ថភាពអាចការពារគ្រាប់កាំភ្លើង ៩ម.ម ដែលវានឹងមានដាក់លក់ក្នុងតម្លៃចាប់ពី ៦៩ ៩០០ដុល្លារនៅសហរដ្ឋអាមេរិក៕