ជាដំណឹងមួយដែលមិនមាននរណាស្មានដល់ ក្រុមហ៊ុនរថយន្តអង់គ្លេស Jaguar បានប្រកាសថានឹងប្រែខ្លួនទៅជាម៉ាករថយន្តអគ្គិសនីសុទ្ធចាប់ផ្ដើមពីឆ្នាំ ២០២៥ តទៅ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រធំឈ្មោះថា “Reimagine” របស់ខ្លួន។
បច្ចុប្បន្ននេះមានតែរថយន្ត Jaguar I-Pace មួយប៉ុណ្ណោះដែលជារថយន្តអគ្គិសនី ខណៈរថយន្តប៉ុន្មានម៉ូដែលផ្សេងទៀតគឺសុទ្ធសឹងជារថយន្តប្រើប្រាស់ថាមពលប្រេងឥន្ធនៈ។ រថយន្ត Jaguar I-Pace អាចបើកបានចម្ងាយជិត ៤០០គីឡូម៉ែត្រពេលសាកភ្លើងពេញ ហើយម៉ូទ័រអគ្គិសនីរបស់វាអាចផលិតកម្លាំងបានសរុប ៣៩៥សេះ។
គួរដឹងថាក្រុមហ៊ុន Land Rover ឯណោះដែលស្ថិតក្រោមដំបូលរួមគ្នាជាមួយនឹងក្រុមហ៊ុន Jaguar នឹងបន្តលក់រថយន្តប្រើប្រាស់ម៉ាស៊ីននៅឡើយនាពេលបច្ចុប្បន្ននេះ ប៉ុន្តែត្រឹមចុងទសវត្សនេះរថយន្ត Land Rover គ្រប់ម៉ូដែលនឹងមានជម្រើសដើរដោយថាមពលអគ្គិសនី៕