ក្រោយពីបានបញ្ចេញនូវ រថយន្ត Nissan Navara ឆ្នាំ២០២១ ដែលបានបង្ហាញខ្លួនជាផ្លូវការហើយ ជាមួយការឌីហ្សាញ និងអាប់ដេតថ្មី សម្រាប់លក់នៅលើទីផ្សារជុំវិញពិភពលោក ដើមខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ ក្រោយមក Nissan បានជ្រើសយកប្រទេសថៃ ជាទីផ្សារដំបូងគេនៅអាស៊ីអាគ្នេយ៍សម្រាប់ការដាក់លក់រថយន្តភីកអាប់ថ្មីនេះ។ នៅលើទីផ្សារប្រទេសថៃ រថយន្ត Nissan Navara ស៊េរីថ្មីនឹងត្រូវប្រកួតប្រជែងនឹងរថយន្ត Isuzu D-Max, Toyota Hilux, Chevrolet Colorado, Mitsubishi Triton, Mazda BT-50 និង Ford Ranger ផងដែរ។
រថយន្ត Nissan Navara ដែលលក់នៅថៃ មានម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣លីត្រ ដែលផលិតកម្លាំងបាន ១៦៣សេះ និងប្រើប្រអប់លេខដៃ ៦វគ្គ។ ហើយវាក៏មានប្រភេទម៉ាស៊ីន ២,៣លីត្រ កម្លាំង ១៩០សេះ ភ្ជាប់នឹងប្រអប់លេខអូតូ ឬលេខដៃ ៧វគ្គផងដែរ។
ជាមួយការអាប់ដេតថ្មីរថយន្ត Nissan Navara ឆ្នាំ ២០២១នេះ ផ្នែកខាងមុខ បានទទួលការរចនាប៉ាណាមុខថ្មី និងចង្កៀងមុខ ប្រភេទអំពូល Bi-LED។ បន្ថែមពីនេះនៅខាងលើមានបំពាក់ដោយកាងលំអ Roof Rial យ៉ាងទាក់ទាញបន្ថែមទៀត និងនៅផ្នែកខាងក្រោយរបស់វាក៏បានបំពាក់ជាមួយ Tailgate និងកម្រប់ភក់ ដែលមានការអាប់ដេតថ្មី, ចង្កៀងក្រោយថ្មី និងទ្រុងក្រោយដែលមានភាពទូលាយជាងមុន។
អ្វីដែលកត់សម្គាល់ខ្លាំងបំផុតបន្ថែមទៀតនោះគឺមានប្រព័ន្ធសុវត្ថិភាពឆ្លាតវៃជាច្រើនដូចជា៖
- កាំម៉េរាចំនួន ៤គ្រាប់ លក្ខណៈ៣៦០ដឺក្រេ និងអាចមើលពីស្ថានភាពពេលផ្លូវពិបាក ឬហៅថា Intelligent Around View Monitor (IAVM)
- ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិ ការពារផ្នែកខាងមុខ INTELLIGENT EMERGENCY BRAKING (IEB)
- ប្រព័ន្ធផ្តល់សញ្ញាអោយបើកបរប្រុងប្រយ័ត្នពេលមានឧបសគ្គនៅខាងមុខ INTELLIGENT FORWARD COLLISION WARNING (IFCW)
- ប្រព័ន្ធផ្តល់សញ្ញា ការពារនៅផ្នែកចំហៀង INTELLIGENT BLIND SPOT INTERVENTION (IBSI)
- ប្រព័ន្ធរក្សាគន្លងផ្លូវ INTELLIGENT LANE INTERVENTION (ILI)
- ប្រព័ន្ធត្រួតពិនិត្សស្ថានភាព និងផ្តល់សញ្ញាពេលចេញពីចំណត REAR CROSS TRAFFIC ALERT (RCTA)
- ប្រព័ន្ធឡើងចំណោត HILL START ASSIST (HSA)
- ប្រព័ន្ធចុះចំណោត HILL DESCENT CONTROL (HDC)
- ប្រព័ន្ធដាស់តឿនអ្នកបើកបរពេលងងុយគេង
- ប្រព័ន្ធហ្វ្រាំងសុវត្ថិភាពដូចជា៖ TCS, VDC, EBD, ABS, 4-Wheel Active Brake Limited និង TSA
- ពោងសុវត្ថិភាពចំនួន ៧ចំណុច
លើកនេះពិតជាមិនធម្មតាមែនសម្រាប់ការផ្លាស់ប្តូរទាំងអស់នេះ យើងនឹងរង់ចាំមើលម៉ូឌែលដែលនឹងមកដល់ព្រះរាជាណាចក្រកម្ពុជាវិញម្តង ថាតើវាទំនើបដល់កម្រឹតណា។ តើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរ?