ក្រុមហ៊ុន Volkswagen បានបើកឲ្យធ្វើការបញ្ជាទិញរថយន្ត Tiguan R ស៊េរីឆ្នាំ២០២១ របស់ខ្លួនហើយ ដោយវាគឺជាលើកដំបូងហើយដែល Tiguan ចេញម៉ូដែល R នេះ។
រថយន្ត Volkswagen Tiguan R ឆ្នាំ២០២១ នឹងមានតម្លៃចាប់ពី ៦៣ ៩០០ដុល្លារ។ វាមានបំពាក់យ៉ាន់ទំហំ ២១អ៊ីញ, Adaptive Chassis Control (DCC), ចង្កៀងមុខ matrix LED, ដៃចង្កូតមានមុខងារកម្តៅ, កៅអីមុខមានមុខងារកម្តៅ និងលក្ខណៈពិសេសជាច្រើនទៀតមកស្តង់ដារតែម្តង។
ជាមួយគ្នានេះដែរ ផ្នែកខាងក្រៅរបស់ Volkswagen Tiguan R បានបំពាក់កាងលេង R Body Kit ដែលជួយឲ្យវាកាន់តែកាចជាងមុន ជាពិសេសគឺប្រព័ន្ធបំពង់ស៊ីម៉ាំង ៤។ ចំណែកឯកាប៊ីនខាងក្នុងរបស់វាវិញ ក៏មានបំពាក់កៅអីបែបស្ព័រ, ដៃចង្កូត R ដែលមានចង្កឹះលេខវែងនៅជាប់លើនោះ ហើយថែមទាំងមានប៊ូតុង R ដែលអាចឲ្យអ្នកផ្លាស់ប្តូរ Drive Mode ដល់ទៅ ៧ យ៉ាងរហ័ស។
រថយន្ត Volkswagen Tiguan R បំពាក់ម៉ាស៊ីនសាំង ចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣១៦សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ DSG និងប៉ុងពីរ 4Motion ដែលអនុញ្ញាតឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៩វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕