របាយការណ៍ពីកាសែតកូរ៉េខាងត្បូងមួយអះអាងថា ក្រុមហ៊ុន Tesla និង Toyota នឹងសហការគ្នាដើម្បីបង្កើតរថយន្ត SUV អគ្គិសនីខ្នាតតូចមួយ។
យោងតាមកាសែត Chosun Ilbo បានឲ្យដឹងថា ក្រុមហ៊ុន Toyota នឹងចេញគ្រោងឆ្អឹងយានយន្ត ខណៈដែលក្រុមហ៊ុន Tesla នឹងផ្គត់ផ្គង់ electronic control platform និង software របស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តទាំងពីរមិនទាន់បានធ្វើអត្ថាធិប្បាយ អំពីពាក្យចចាមអារាមនេះឡើយ ប៉ុន្តែប្រសិនបើវាជាការពិតមែន ជាលទ្ធផលពួកគេអាចផលិតរថយន្ត SUV អគ្គិសនី ដែលមានតម្លៃថោកសមរម្យត្រឹមតែ ២៥ ០០០ ដុល្លារប៉ុណ្ណោះ។
មិនតែប៉ុណ្ណោះ ប្រសិនបើរថយន្តនេះត្រូវបានប្រើ software ឈានមុខគេក្នុងវិស័យឧស្សាហកម្មរបស់ក្រុមហ៊ុន Tesla និងគួបផ្សំជាមួយនឹងភាពធន់ដ៏ល្បីរបស់ Toyota ទៀត នោះពួកគេអាចមានរថយន្តគួរឲ្យទាក់ទាញអារម្មណ៍បំផុតនៅក្នុងដៃ។
គួរឲ្យដឹងដែរថា ក្រុមហ៊ុន Toyota បានប្រកាសរួចហើយនូវផែនការក្នុងការផលិតរថយន្តអគ្គិសនីឲ្យបាន ៤០ ភាគរយ នៃត្រកូលរថយន្តរបស់ខ្លួន នៅឆ្នាំ ២០២៥ និង ៧០ ភាគរយនៅឆ្នាំ ២០៣០៕