រថយន្ត Lamborghini Aventador SVJ 63 Roadster ដែលជារថយន្តម៉ូដែលពិសេសផលិតដើម្បីឧទ្ទិសដល់ឆ្នាំបង្កើតក្រុមហ៊ុន Lamborghini (១៩៦៣) បានបង្ហាញមុខជាផ្លូវការក្នុងកម្មវិធី Monterey Car Week។
រថយន្តស៊េរីពិសេសនេះ មានតុបតែងរូបរាងយ៉ាងពិសេស និងមានរចនាដោយលេខ ៦៣ យ៉ាងធំ។ ចំនួនផលិតរថយន្តនេះនឹងមានកំណត់ត្រឹម ៦៣ គ្រឿងប៉ុណ្ណោះ ហើយរំពឹងនឹងដឹកជញ្ជូនឲ្យអតិថិជននៅឆ្នាំ ២០២០។ តម្លៃរថយន្តនេះមិនបានបង្ហាញនៅឡើយទេ ប៉ុន្តែម៉ូដែលនីមួយៗសុទ្ធតែមានម្ចាស់អស់ហើយ។
រថយន្ត Aventador SVJ 63 Roadster គឺមានបំពាក់ម៉ាស៊ីន ៦,៥ លីត្រ ១២ ស៊ីឡាំង ផលិតកម្លាំងបាន ៧៥៩ សេះ។ វាភ្ជាប់ជាមួយប្រអប់លេខ ៧ វគ្គ ដែលបញ្ជូនកម្លាំងដល់ប្រព័ន្ធបើកបរវិលកង់បួន។ ការរៀបចំនេះ អាចឲ្យរថយន្តបង្កើនសន្ទុះដល់ ១០០ គ.ម/ម៉ ក្នុងពេល ២,៩ វិនាទី និងល្បឿនកប់ ៣៥០ គ.ម/ម៉៕