ក្រុមហ៊ុន Kia បានប្រកាសចេញរថយន្តម៉ូដែល K3 ស៊េរីឆ្នាំ២០២២ ជាផ្លូវការ នៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈម៉ូដែលនេះក៏ប្រើឈ្មោះ Forte និង Cerato នៅលើទីផ្សារមួយចំនួនផងដែរ។
រថយន្ត Kia Forte ឆ្នាំ២០២២ នេះ បានបំពាក់ចង្កៀងមុខថ្មី ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃ LED ដែលមើលទៅរឹតតែកាច និងទាក់ទាញជាមុន។ មិនតែប៉ុណ្ណោះ វាក៏បានកែកុនប៉ាណាមុខ Tiger-Nose ប្រចាំត្រកូលរបស់ខ្លួន ព្រមទាំងបំពាក់ឡូហ្គូ Kia ថ្មី នៅផ្នែកខាងមុខទៀតផង។
ចំណែកឯចង្កៀងក្រោយវិញ ត្រូវបានបំពាក់មកជាមួយនូវរបា LED ពេញផ្នែកខាងក្រោយ ខណៈដែរភ្លើងស៊ីញ៉ូគឺស្ថិតនៅលើកាងក្រោយផ្នែកខាងក្រោម។ រថយន្តដែលអ្នកទាំងអស់គ្នាកំពុងតែមើលឃើញនេះ មានពណ៌ខៀវថ្មី ហៅថា Mineral Blue រំលេចជាមួយយ៉ាន់ពណ៌ទឹកប្រាក់ ទំហំ ១៧អ៊ីញ។
Kia Forte ថ្មី ក៏មានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ១០,២៥អ៊ីញ និងកុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូងមួយនេះ មិនទាន់បានបញ្ជាក់ពីជម្រើសម៉ាស៊ីន និងតម្លៃរបស់វានៅឡើយទេ៕