លោក Stephan Winkelmann នាយកប្រតិបត្តិក្រុមហ៊ុន Lamborghini បានបង្ហាញឲ្យដឹងអំពីផែនការអនាគតរបស់ក្រុមហ៊ុន ដែលក្នុងនោះមានទាក់ទងនឹងការប្រកាសចេញរថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធផងដែរ។
ផែនការរបស់ Lamborghini គឺចាប់ផ្ដើមជាមួយការប្រកាសចេញរថយន្តប្រើម៉ាស៊ីន V12 ថ្មីចំនួនពីរម៉ូដែលនៅចុងឆ្នាំនេះ បន្ទាប់មកនៅឆ្នាំ២០២៣ នឹងមានការប្រកាសចេញរថយន្ត Hybrid ដំបូងគេរបស់ Lamborghini។
នៅត្រឹមដំណាច់ឆ្នាំ២០២៤ Lamborghini បានសច្ចាថារថយន្តគ្រប់ម៉ូដែលរបស់ខ្លួននឹងមានលាយឡំជាមួយថាមពលអគ្គិសនី រួមទាំងរថយន្តដែលមកជំនួសតំណែងរថយន្ត Huracan និងរថយន្ត Aventador ផងដែរ។
នៅដើមឆ្នាំ២០២៥ ក្រុមហ៊ុននេះមានគោលដៅថាចង់កាត់បន្ថយការសាយភាយឧស្ម័នកាបូនឌីអុកស៊ីតឲ្យបានត្រឹម ៥០% ដែលនឹងទាមទារឲ្យក្រុមហ៊ុនធ្វើការបណ្ដាក់ទុនលើសពី ១,៥ពាន់លានអឺរ៉ូ ដែលជាការបណ្ដាក់ទុនធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Lamborghini។
ផែនការបន្ទាប់ទៀតរបស់ Lamborghini គឺការប្រកាសចេញរថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធដំបូងរបស់ខ្លួន ដែលវាអាចនឹងបង្ហាញវត្តមាននៅអំឡុងរយៈពេល ៥ឆ្នាំចុងក្រោយនៃទសវត្សនេះ។ ទាក់ទងនឹងរថយន្តថ្មីៗរបស់ Lamborghini ក្រុមហ៊ុនមិនបានបញ្ចេញទាក់ទងនឹងពួកវានៅឡើយទេ៕