ចេញហើយ! BMW 4 Series Gran Coupe ឆ្នាំ២០២២ កាន់តែទូលាយខ្លាំង

ក្រុមហ៊ុន BMW បានប្រកាសចេញរថយន្ត 4 Series Gran Coupe ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដែលវាជារថយន្តប្រភេទទ្វារ៤ មានកៅអីអង្គុយ៥ ហើយកាន់តែទូលាយក្នុងចំណោមត្រកូល 4 Series។

ឥឡូវនេះ រថយន្ត BMW 4 Series Gran Coupe ឆ្នាំ២០២២ មានប្រវែងវែងជាងមុន ៥,៩អ៊ីញ ខ្ពស់ជាងមុន ២,១អ៊ីញ និង ទទឹងធំជាងមុន ១អ៊ីញទៀតផង បើប្រៀបធៀបជាមួយស៊េរីចាស់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីនោះ វាក៏មានការឌីហ្សាញដ៏ទាក់ទាញដែរ ជាមួយនឹងប៉ាណាមុខមួយផ្ទាំងធំ, ចង្កៀងមុខក្រោយធំ ប្រភេទ Adaptive LED Headlights, កញ្ចក់ឥតស៊ុម, កាងកន្ទុយត្រីខាងក្រោយ និងយ៉ាន់ M aerodynamic bi-color ទំហំ ១៨អ៊ីញ ទៀតផង។

មិនតែប៉ុណ្ណោះ កាប៊ីនខាងក្នុងរបស់វាក៏កាន់តែទូលាយជាមុនដែរ ដោយផ្តល់នូវកន្លែងដាក់ជើងធំជាងមុន និងកម្ពស់ខ្ពស់ជាងមុនផងដែរ។ ទោះជាយ៉ាងណា ឃ្លុបក្រោយរបស់វាមិនធំជាង 4 Series Coupe ប្រភេទទ្វារ២ ឡើយ។ ក្រៅពីនោះវាក៏មានបំពាក់កុដទ័រឌីជីថលទំហំ ១២,៣អ៊ីញ, អេក្រង់កម្សាន្ត ១០,២៥អ៊ីញ និង ដំបូលកញ្ចក់ Moonroof។

រថយន្ត 4 Series Gran Coupe ម៉ូដែល 430i មានតម្លៃចាប់ពី ៤៤ ៨០០ដុល្លារ បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥៥សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់ក្រោយ។

ដោយឡែក ចំពោះម៉ូដែល M440i xDrive វិញ មានតម្លៃចាប់ពី ៥៨ ០០០ដុល្លារ បំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨២សេះ ប្រើប៉ុងពីរ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម