បន្ទាប់ពីប្រទះឃើញបានធ្វើតេស្តនៅលើដងផ្លូវការពីពេលកន្លង ទីបំផុតរថយន្ត Honda Civic ប្រភេទ Hatchback ឆ្នាំ២០២២ នេះនឹងបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី ២៤ ខែមិថុនា ប៉ុន្មានថ្ងៃខាងមុខនេះតែម្តង។
តាមរយ:ការធ្វើតេស្តកន្លង បានឃើញថារថយន្តនេះបំពាក់ជាមួយចង្កៀងមានរូបរាងស្លីមជាងមុន និងមានភាពខុសគ្នាពីរថយន្តប្រភេទ Sedan នូវកាងខាងមុខ និងផ្នែកខាងក្រោយ(C-pillar)។ បន្ថែមពីនេះ ផ្នែកខាងក្នុងនឹងបំពាក់ជាមួយកៅអីប្រភេទស្បែក និងកុងទ័របង្ហាញទំហំ ១០,២អ៊ីញ។
សម្រាប់ជម្រើសម៉ាស៊ីននៃរថយន្តប្រភេទ Hatchback នេះ ដោយគេរំពឹងថាវានឹងមានជម្រើសម៉ាស៊ីនដូចរថយន្តប្រភេទ Sedan ដែរ ជម្រើសម៉ាស៊ីន ២,០លីត្រ ទំហំ ៤ស៊ីឡាំង កម្លាំង ១៥៨សេះ និងជម្រើស ១,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង កម្លាំង ១៨០សេះ ភ្ជាប់ជាមួយប្រអប់លេខដៃថ្មី ៦វគ្គ ឬ CVT។
បន្ថែមពីនេះ រថយន្ត Civic ប្រភេទ Hatchback នឹងផលិតនៅរោងចក្រ Indiana ក្នុងទីក្រុង Greensburg សហរដ្ឋអាមេរិច ខណ:ពេលរថយន្ត Civic ប្រភេទ Sedan ផលិតនៅរោងចក្រ Ontario ក្នុងទីក្រុង Alliston កាណាដា។ សម្រាប់ព័ត៌មានបន្ថែម សូមរង់ចាំនៅថ្ងៃប្រកាសចេញជាផ្លូវការ៕