ចំនួនលក់ឡានថ្មីនៅចិន ធ្លាក់ចុះ ១៦% ដោយសារបញ្ហាខ្វះបន្ទះឈីប

ទីផ្សារចិនកំពុងតែជួបប្រទះបញ្ហាខ្វះបន្ទះឈីបអេឡិចត្រនិចដែរ ហើយក៏មានការធ្លាក់ចុះនៃចំនួនលក់រថយន្តថ្មីទៀតផង។

នៅក្នុងខែមិថុនា រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ក្រោម ១,៩៣ លានគ្រឿង ត្រូវបានចែកចាយនៅក្នុងប្រទេសចិន។ បើទោះបីជាចំនួននេះច្រើនបើប្រៀបធៀបទៅនឹងទីផ្សារផ្សេងទៀតក៏ដោយ ក៏វាមានការធ្លាក់ចុះ ១៦ ភាគរយដែរ បើប្រៀបធៀបនឹងខែមិថុនាឆ្នាំ ២០២០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តួលេខពីសមាគមអ្នកផលិតរថយន្ដចិន (China Association of Automobile Manufacturers) បង្ហាញថា តម្រូវការសម្រាប់រថយន្តធុនស្រាលថ្មី រួមមានរថយន្ដ Sedan, Crossover, SUV MPV និង រថយន្តក្រុងធន់តូច បានធ្លាក់ចុះ ១៥ ភាគរយនៅទូទាំងឧស្សាហកម្មរថយន្តចិន កាលពីខែមិថុនា។

មិនតែប៉ុណ្ណោះ ការលក់រថយន្តពាណិជ្ជកម្មថ្មី ដូចជា រថយន្តក្រុង និងរថយន្តដឹកទំនិញ បានធ្លាក់ចុះចំនួន ២១ ភាគរយក្នុងអំឡុងពេលដូចគ្នា។ ក្នុងនោះក្រុមហ៊ុនផលិតរថយន្តនីមួយៗក៏កំពុងរាយការណ៍អំពីការលក់ធ្លាក់ចុះផងដែរ។

ឧទាហរណ៍ជាក់ស្តែង ក្រុមហ៊ុន Honda បានរាយការណ៍ពីការលក់ធ្លាក់ចុះចំនួន ១៧ ភាគរយ ដោយបានចែកចាយរថយន្តសរុបចំនួន ១១៨ ១៦៨ គ្រឿងកាលពីខែមុន។ ដូចគ្នានេះដែរ ការលក់រថយន្ត Nissan ធ្លាក់ចុះ ១៦ ភាគរយ បានត្រឹម ១១៤ ៦០៥ គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម