រុស្ស៊ី ចង់បង្កើនការផលិតឡានអគ្គិសនីក្នុងស្រុក និងបង្កើនការលក់ ដោយឧបត្ថម្ភ ២៥% នៃតម្លៃឡាន

រដ្ឋាភិបាលរុស្ស៊ីកំពុងរៀបចំផែនការលើកកម្ពស់ការផលិត និងការលក់រថយន្តអគ្គិសនីក្នុងស្រុក ដោយឧបត្ថម្ភរហូតដល់ទៅ ២៥ ភាគរយនៃតម្លៃ ឬរហូតដល់អតិបរមា ៨ ៥០០ ដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

ទោះបីជាយ៉ាងណាក៏ដោយ រថយន្តអគ្គិសនីគឺមិនមែនជាជម្រើសដ៏ពេញនិយមឡើយនៅក្នុងប្រទេសរុស្ស៊ី ដែលកំពុងដើរយឺតជាងបណ្តាប្រទេសអឺរ៉ុបភាគច្រើន។ ក្នុងចំណោមរថយន្តចំនួន ៤៥ លានគ្រឿង ដែលកំពុងបើកបរលើដងផ្លូវរុស្ស៊ីនាពេលបច្ចុប្បន្ននេះមានតែ ១១ ០០០ គ្រឿងប៉ុណ្ណោះដែលប្រើប្រាស់ថាមពលអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ ដើម្បីផ្លាស់ប្តូរសមាមាត្រនេះ រដ្ឋាភិបាលរុស្ស៊ីកំពុងស្វែងរកវិធីធ្វើឱ្យរថយន្តអគ្គិសនីមានតម្លៃសមរម្យសម្រាប់ប្រជាជន និងផ្តល់នូវការជំរុញសម្រាប់ការផលិតរថយន្តអគ្គិសនីក្នុងស្រុកទៀតផង។

គោលដៅចុងក្រោយរបស់ប្រទេសរុស្ស៊ី គឺការផលិតរថយន្តអគ្គិសនីប្រចាំឆ្នាំឲ្យបានចំនួន ២២០ ០០០ គ្រឿងនៅឆ្នាំ ២០៣០។ វាអាចមានមហិច្ឆតាខ្លាំងពេកសម្រាប់ប្រទេសដែលគ្មានរោងចក្រផលិតរថយន្តអគ្គិសនីនៅពេលនេះ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលរុស្ស៊ីបានណែនាំថា មានការចាប់អារម្មណ៍ពីក្រុមហ៊ុនផលិតរថយន្តបរទេស ដើម្បីទាញយកផលប្រយោជន៍សេដ្ឋកិច្ចនេះហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម