[ចំណេះដឹងយានយន្ត] មានរថយន្តជិះកុំរង់ចាំពឹងផ្អែកទៅលើសេវាជួលជុលគ្រប់ពេលវេលា ជួនកាលអ្នកក៏ត្រូវមានចំណេះដឹងជួសជុលបន្តិចបន្តួចដើម្បីជាប្រយោជន៍នៅពេលមានតម្រូវការចាំបាច់ណាមួយភ្លាមៗ។ ជាក់ស្តែង ពេលធ្វើដំណើរផ្លូវឆ្ងាយយូរៗម្តងរថយន្តតែងជួបបញ្ហាផ្ទុះកង់ឬធ្លាយកង់ជាដើម ដែលតម្រូវឲ្យម្ចាស់យានយន្តគ្រប់រូបគួរតែមានកង់សាគួរ ឧបករណ៍ប្តូរកង់ និងបច្ចេកទេសប្តូរកង់ដើម្បី ដោះស្រាយមួយគ្រារាល់ពេលមានបញ្ហាកើតឡើង។ ខាងក្រោមនេះគឺជាវិធីប្តូរកង់ងាយៗដែលអ្នកបើកបរអាចអនុវត្តដោយខ្លួនឯងយ៉ាងងាយស្រួល។
១. ស្វែងរកកន្លែងសុវត្ថិភាព៖ នៅពេលធ្លាយកង់ត្រូវចូលចតរថយន្តនៅកន្លែងដែលមានសុវត្ថិភាព ផ្ទៃរាបស្មើ និងមានលំនឹងដើម្បីងាយស្រួលក្នុងការប្តូរកង់។ ជៀសវាងចតនៅផ្លូវទួលឬផ្លូវ ភក់។
២. ដាក់ហ្វ្រាំង៖ បន្ទាប់ពីចូលចតរួចរាល់ត្រូវដាក់ហ្វ្រាំងដៃ និងរុញចង្កឹះលេខទៅអក្សរ «P»។
៣. ទប់កង់៖ ស្វែងរកវត្ថុរឹងដូចជា ដុំថ្ម ឈើ ឬឧបករណ៍ដែកផ្សេងៗមកកល់ពីមុខ និងខាងក្រោយកង់កុំឲ្យវិល។
៤. រៀបចំឧបករណ៍ប្តូរ៖ ក្នុងនោះមានដូចជា កង់សាគួរ ដែកគាស់លើករថយន្ត(ដូយ) និងប្រដាប់មូរខ្ចៅ។ ជាទូទៅការដាក់ដូយលើករថយន្តត្រូវដាក់ឲ្យចំធ្នឹមដែលស្ថិតនៅផ្នែកខាងក្រោមជិត កង់រថយន្ត។ រថយន្តស៊េរីទំនើបមួយចំនួនមានភ្ជាប់បន្ទះជ័រនៅផ្នែកខាងក្រោម ដូចនេះប្រសិនដាក់ដូយខុសវានឹងធ្វើឲ្យស្រាំឬកំពិតជ័រពេលរវៃឡើង។ ហើយសម្រាប់រថយន្តស៊េរីទំនើបមួយ ចំនួនទៀត មានគន្លាក់តូចមួយនៅពីក្រោយកង់ខាងមុខឬនៅពីមុខកង់ខាងសម្រាប់ដាក់ដូយលើកឡើង។ រីឯរថយន្តស៊េរីចាស់គឺមានធ្នឹមមួយនៅពីក្រោយកង់ខាងមុខឬពីមុខកង់ខាងក្រោយ។
៥. ដាក់ដូយលើកកង់៖ ចាប់ផ្តើមយកដូយដាក់ឲ្យចំធ្នឹម បន្ទាប់មករវៃលើកដូយរហូតប៉ះទៅនឹងធ្នឹម។
៦. គាស់គំរបដុំកង់៖ គាស់គម្របដុំកង់ចេញដោយប្រើដែកគាស់ (ប្រសិនបើមាន)។
៧. លើកកង់៖ ចាប់ផ្តើមរវៃដូយរហូតដល់រថយន្តផុតពីដី។ នៅពេលរវៃដូយលើកកង់ឡើងត្រូវប្រាកដថារថយន្តមានលំនឹងល្អ។ ប្រសិនបើមើលទៅមិននឹងនរ ឬមិនទំនងត្រូវទម្លាក់ចុះវិញ ហើយដាក់កល់រវៃសារជាថ្មី។
៨. ដោះខ្ចៅ៖ ប្រើឧបករណ៍មូរខ្ចៅចេញឲ្យអស់ហើយប្រសិនបើប្រើកម្លាំងដៃមូរមិនរួចអាចបន្ថែមកម្លាំងជើងឬទម្ងន់ខ្លួនពីលើឧបករណ៍មូរខ្ចៅ។
៩. ដោះកង់៖ ពេលដោះកង់ចេញជួនកាលអាចតឹងបន្តិចដោយសារវាមានច្រេះ។ អ្នកអាចបន្ថែមប្រើឧបករណ៍រឹងផ្សេងៗគោះតិចៗដើម្បីឲ្យឆាប់ចេញ។
១០. ដាក់កង់សាគួរចូល៖ រាល់គ្រឿងដែលដោះចេញត្រូវដាក់ចំណាំទៅតាមលំដាប់លំដោយដើម្បីងាយស្រួលដាក់វិញ។ ជាពិសេសនៅពេលដាក់កង់សាគួរ ត្រូវប្រាកដថាបានរៀបចំត្រូវទៅ តាមចំណុចដើម។
១១. មូរខ្ចៅចូលវិញ៖ បន្ទាប់ពីដាក់កង់សាគួរចូលត្រឹមត្រូវ ត្រូវរៀបចំមូរខ្ចៅទៅតាមចន្លោះនីមួយៗដូចដើមដោយប្រើដៃមូរម្តងមួយៗរហូតតឹងណែនល្អ។
១២. ទម្លាក់រថយន្តចុះ៖ ចំណុចចុងក្រោយ គ្រាន់តែរវៃដូយទម្លាក់រថយន្តឲ្យដល់ដីវិញជាការស្រេច ប៉ុន្តែកុំភ្លេចមូរខ្ចៅបណ្តឹងម្តងទៀតដើម្បីប្រាកដថាកង់ជាប់បានល្អ៕