១. កុំប្រែសស័រ ម៉ាស៊ីនត្រជាក់ (A/C Compressor)
ខ្យល់ក្ដៅ ឬត្រជាក់នៅក្នុងរថយន្ត គឺអាស្រ័យទៅលើ A/C Compressor នេះហើយ ដែលអាចបង្កើនសម្ពាធខ្យល់ និងធ្វើឲ្យសីតុណ្ហភាពខ្យល់កើនឡើង ទើបវាអាចឲ្យខ្យល់ក្ដៅចេញពីរថយន្តបានដោយងាយ។ ដូច្នេះការថែទាំ A/C Compressor ពិតជាសំខាន់ ដោយការរកមើលក្រែងលោមានការលេចធ្លាយធ្វើឲ្យ A/C Compressor អស់ប្រេងរំអិល និងអាចខូចបាន។
២. ហ្រ្វាំង (Brake)
ហ្រ្វាំងឡានមាន ២ប្រភេទគឺហ្រ្វាំងដៃ ដែលអ្នកអាចដាក់បានដោយការទាញវានៅពេលឈប់ស្ងៀម និងហ្វ្រាំងជើង ដែលអ្នកត្រូវប្រើប្រាស់ភ្លាមៗ ដើម្បីបន្ថយល្បឿន ឬចង់ឈប់រថយន្ត។ ហ្រ្វាំងឡានទាំង២ នេះធ្វើការដាច់ដោយឡែកពីគ្នា។ ហ្រ្វាំងឡានដំណើរការ ដោយប្រព័ន្ធ Hydraulic ដែលប្រើប្រេងហ្រ្វាំងជាជំនួយក្នុងការចាប់ហ្រ្វាំងម្ដងៗ។
៣. ឡាបអូសទាញ (Axle)
ប៉ុងរថយន្តជាដែក ២ដើមវែងសម្រាប់ភ្ជាប់កង់មុខទាំង២ និងកង់ក្រោយទាំង២។ ជាធម្មតា ឡាបអូសទាញ ២ដើមនេះរឹងមាំមិនងាយនឹងខូចខាតឡើយ។ អ្វីដែលជាបញ្ហាចោទនោះគឺ បញ្ហាច្រែះចាប់។ ម៉្យាងទៀត ការដឹកលើសទម្ងន់ខ្លាំងក៏អាចធ្វើឲ្យប៉ុងខូចទ្រង់ទ្រាយដែរ ឬបាក់ខូចមិនអាចជិះទៅមុខតែម្ដង។
៤. ប៊ិចប្រេង (Fuel Injector)
ប៊ិចប្រេងជាវត្ថុតូចមួយ ដែលបញ្ជូនសាំងពីធុងសាំង ទៅកាន់ម៉ាស៊ីនខាងក្នុង។ ការស៊ីប្រេង ឬមិនស៊ីប្រេងរបស់រថយន្ត គឺអាស្រ័យលើប៊ិចប្រេងនេះហើយ។ បើអ្នកឧស្សាហ៍ធ្វើការលាងសម្អាតប៊ិចប្រេងនោះ រថយន្តលោកអ្នកនឹងស៊ីប្រេងនៅកម្រិតស្តង់ដាររបស់វា ហើយក៏ជួយបង្កើនអាយុកាលម៉ាស៊ីនឡានផងដែរ។
៥. កង្ហារម៉ាស៊ីន (Engine Fan)
វាមាននាទីដូចធុងទឹកដែរ ពោលគឺធ្វើឲ្យម៉ាស៊ីនមិនឡើងកម្ដៅខ្លាំង ដោយវានាំខ្យល់ពីខាងក្រៅចូលមកផ្នែកក្នុងនៃម៉ាស៊ីន។ វាមិនចាំបាច់មានការថែទាំ ច្រើនឡើយតែអ្នកត្រូវប្រាកដថា ខ្សែពានពីម៉ូទ័រទៅកង្ហារនៅល្អ ដើម្បីឲ្យកង្ហារដំណើរការគ្រប់ពេលបញ្ឆេះម៉ាស៊ីន។
៦. អាគុយឡាន (Battery)
អាគុយឡាននេះសំដៅលើ អាគុយដែលនៅខាងមុខសម្រាប់បញ្ឆេះ និងផ្ដល់ភ្លើងដល់អំពូលជាដើម មិនមែនអាគុយសម្រាប់អូសរថយន្តទៅមុខដែលភាគច្រើននៅផ្នែកខាងក្រោយនៃរថយន្ត Hybrid ឬក៏ EV ឡើយ។ អាគុយឡាន នេះមាន ២ជម្រើសសម្រាប់អ្នកប្រើប្រាស់ គឺអាគុយសើម ដែលត្រូវការការថែមទឹកអាស៊ីដជាប្រចាំ និងអាគុយស្ងួតដែលមិនត្រូវការថែមទឹកអាស៊ីដឡើយ។ ម៉្យាងទៀត ការភ្លេចបិទភ្លើងក្នុងរថយន្តក៏អាចបំផ្លាញ ដល់អាយុកាលរបស់រថយន្តផងដែរ។
៧. ធុងទឹក (Radiator)
ធុងទឹកឡានជាផ្នែកមួយដែលសំខាន់បំផុត ដែលអាចឲ្យរថយន្តរត់ទៅផ្លូវឆ្ងាយបាន។ បើសិនជាគ្មានធុងទឹកទេ ម៉ាស៊ីនឡាននឹងឡើងកម្ដៅខ្លាំងជាអតិបរមា ដែលជាហេតុធ្វើឲ្យម៉ាស៊ីនលែងដំណើរការ ឬអាចផ្ទុះឆេះបាន។ ការថែទាំធុងទឹកមានភាពងាយស្រួល ដោយគ្រាន់តែថែមទឹកឲ្យត្រឹមត្រូវតាមកម្រិតរបស់វា។ ប៉ុន្តែ បើសិនជារថយន្តឆាប់អស់ទឹកជាងធម្មតា ប្រហែលជាត្រូវពិនិត្យរកមើល ក្រែងលោមានកន្លែងលេចធ្លាយ ឬក៏ច្រែះហើយ។ បើសិនជាមានច្រែះមែន គួរតែដូរធុងទឹកឲ្យហើយតែម្ដងទៅ។
៨. ពីស្តុង (Piston)
ជាធម្មតា រថយន្តមួយមានពីស្តុង ៤ ឬក៏ ៦ ឡើងទៅ។ ពីស្តុងនេះជាវត្ថុដែលយោង ស៊ីឡាំងចុះឡើងនៅក្នុងម៉ាស៊ីនដើម្បីឲ្យរថយន្តមានដំណើរការទៅមុខ។ នៅពេលដែលពីស្តុង វិលបានកាន់តែលឿន ល្បឿនរង្វិលជុំក្នុងមួយនាទី (RPM) ក៏កើនឡើងដែរ។ ដូច្នេះហើយបើពីស្តុងដំណើរការល្អ នោះរថយន្ត ក៏នឹងស៊ីប្រេងតិចជាងមុនដែរ
៩. អំប្រ៊ីយ៉ា (Clutch)
អំប្រ៊ីយ៉ា ដើរតួយ៉ាងសំខាន់សម្រាប់ឲ្យរថយន្តដំណើរការដោយវាជាអ្នកផ្ដល់ថាមពលទៅតាមការបញ្ជារបស់ចង្កឹះលេខ។ នៅក្នុងរថយន្តលេខដៃ អំប្រ៊ីយ៉ាមានឈ្នាន់សម្រាប់បញ្ជាផ្ទាល់តែម្ដង គឺនៅខាងឆ្វេងបង្អស់ ខុសពីរថយន្តអូតូ ដែលមានអំប្រ៊ីយ៉ាដែរ តែមិនមានឈ្នាន់សម្រាប់ឲ្យជាន់នោះឡើយ។ បើនិយាយពីការថែទាំវិញ រថយន្តលេខដៃ ស្រួលថែទាំជាង រថយន្តលេខអូតូ ឆ្ងាយដោយវាមានតម្លៃថោក និងមានប្រអប់លេខងាយជួសជុលជាង។
១០. ដែកដូយ (Car Jack)
ដែកដូយ ជាឧបករណ៍សំខាន់ ដែលអ្នកប្រើប្រាស់រថយន្តរាល់គ្នាគួរតែមាន។ វាប្រើប្រព័ន្ធ Hydraulic ដើម្បីលើករថយន្តឡើង នៅពេលដែលចង់ប្ដូរកង់រថយន្ត។
១១. កង់សារគួ (Spare Tire)
កង់សារគួ ជាផ្នែកមួយនៃរថយន្ត ដែលចាំបាច់បំផុត ព្រោះថាបើសិនជាគ្មានកង់សារគួទេ អ្នកមិនអាចបន្តដំណើរទៅមុខទៀតឡើយ ពេលកង់រថយន្តបែកតាមផ្លូវ។ កង់សារគួ មានភ្ជាប់មកជាមួយរថយន្តស្រាប់តែម្ដង ភាគច្រើនវាដាក់នៅក្រោមកម្រាលឃ្លុបរថយន្ត។ ប្រកាគួរដឹងគឺ អ្នកប្រើប្រាស់គ្រប់រូបគួរឧស្សាហ៍មើលពីសម្ពាធខ្យល់នៅក្នុងកង់សារគួ ជៀសវាងពេលត្រូវការប្រើប្រាស់បែរជាមិនអាចប្រើបានទៅវិញ។
១២. ប្រអប់លេខ (Transmission)
ប្រអប់លេខជាបេះដូងនៃរថយន្ត។ វាបញ្ជូនថាមពលពីម៉ាស៊ីន ទៅកាន់ភ្លៅឡាន ដើម្បីឲ្យវាអាចបង្វិលកង់អូសរថយន្តទៅមុខបាន។ ប្រអប់លេខដែលគេឃើញមានក្នុងរថយន្តភាគច្រើន សព្វថ្ងៃជាប្រភេទលេខអូតូ ឯលេខដៃមានមួយៗ និងសំបូរតែចំពោះរថយន្ត Pick Up និងរថយន្តដឹកទំនិញប៉ុណ្ណោះ។ អ្នកបើកបរទាំងអស់ ក៏គួរតែឧស្សាហ៍ត្រួតពិនិត្យមើលកម្រិតប្រេងប្រអប់លេខផងដែរ ដើម្បីធានាថាប្រអប់លេខអ្នកនៅតែដំណើរការបានរលូន។
១៣. បូម (Shock Absorbers)
វាជួយស្រូបយករំញ័រពីការបើកបរ ធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនរង្គើខ្លាំងពេលជិះលើផ្លូវដែលមិនរាបស្មើ។ បើគ្មានបូមនេះទេ រថយន្តនឹងស្រូបយកភាពញ័ររញ្ជួយទាំងអស់ពេលបើកបរ ជាហេតុធ្វើឲ្យអ្នកបើកបរក្នុងស្ថានភាពមួយដ៏លំបាក។ ការថែទាំបូមអាចប្រព្រឹត្តទៅបានដោយការបើកបរ ប្រុងប្រយ័ត្នកុំបើកបរដោយល្បឿនលឿនលើផ្លូវដែលមានជង្ហុកច្រើន និងកុំផ្ទុកលើសចំណុះ។ ប្រសិនបើឃើញមានប្រេងហូរចេញពីបូម អ្នកប្រាកដជាត្រូវទៅរកជាងហើយ។
១៤. តម្រងខ្យល់ (Air Filter)
តម្រងនេះមាន ២ប្រភេទ គឺមួយសម្រាប់ត្រងខ្យល់ចូលទៅក្នុងម៉ាស៊ីន និងមួយទៀតសម្រាប់ត្រងខ្យល់មុនពេលចូលក្នុងកាប៊ីនរថយន្ត។ កត្តាដែលចាំបាច់នោះ គឺត្រូវសម្អាតតម្រងទាំងពីរនេះ ឲ្យបានស្អាតជាប្រចាំ ព្រោះបើតម្រងខ្យល់ចូលម៉ាស៊ីនមានភាពកខ្វក់ នោះម៉ាស៊ីននឹងប្រឹងខ្លាំងធ្វើឲ្យវាស៊ីសាំងជាងមុន ហើយបើតម្រងខ្យល់ម៉ាស៊ីនត្រជាក់ (កាប៊ីនរថយន្ត) មិនស្អាតវិញ នាំឲ្យប៉ះពាល់ដល់ផ្លូវដង្ហើមអ្នកជិះគ្រប់គ្នាបាន។ ប្រសិនបើមើលទៅតម្រងនោះចាស់ខ្លាំងពេក គួរតែប្ដូរវាចោលតែម្ដងទៅ។
១៥. ក្បាលប៊ូស៊ី (Spark Plug)
ក្បាលប៊ូស៊ីមានតួនាទីបញ្ឆេះរថយន្តដោយវានឹងបង្កើតជាផ្កាភ្លើងនៅក្នុងម៉ាស៊ីនដើម្បីបង្កើតចំហេះជាមួយឥន្ធនៈ។ ក្បាលប៊ូស៊ីអាចប្រើបានប្រហែល ១៦០ ០០០ គ.ម មុនពេលដែលវាចាប់ផ្ដើមមានបញ្ហា និងត្រូវការការប្ដូរថ្មី។
១៦. Catalytic Converter
Catalytic Converter ជាផ្នែកមួយនៃបំពង់ស៊ីមុាំងរថយន្ត ដែលជួយបម្លែងផ្សែងពុល ដែលហៀបនឹងបញ្ចេញទៅខាងក្រៅ ឲ្យមានសុវត្ថិភាពជាងមុន។ ការលេចធ្លាយសារធាតុរាវ ដូចជាប្រេងពីក្នុងម៉ាស៊ីន ឬហ្គាសម៉ាស៊ីនត្រជាក់ និងកម្ដៅខ្លាំងហួសប្រមាណចេញពីក្នុងម៉ាស៊ីនអាចធ្វើឲ្យ Catalytic Converter ពុកផុយបាន។ ជាសំណាង Catalytic Converter មានតម្លៃថោក និងងាយក្នុងការផ្លាស់ប្ដូរ មិនចាំបាច់ចំណាយលុយច្រើន។
១៧. Muffler
Muffler គឺជាផ្នែកខាងចុងបំផុតនៃបំពង់ស៊ីមាំុង ដែលជួយកាត់បន្ថយសំឡេងដ៏លាន់ចេញពីម៉ាស៊ីន។ Muffler នឹងបន្ថយអានុភាពនៃសំឡេងរបស់ម៉ាស៊ីន ដែលកំពុងដំណើរការយ៉ាងពេញទំហឹង ឲ្យមានសំឡេងស្ងាត់ជាងមុន មុនពេលបញ្ចេញមកខាងក្រៅ។ ប្រសិនបើបំពង់ស៊ីមាំុងលាន់ខុសធម្មតា អាចដឹងសញ្ញាថាមកពី Muffler នេះឯង។
១៨. ឧបករណ៍វាស់សម្ពាធកង់ (Pressure Gauge)
វាជាឧបករណ៍ចាំបាច់មួយ សម្រាប់ដាក់តាមរថយន្តព្រោះបើរថយន្តមិនមានបំពាក់មកជាមួយប្រព័ន្ធវាស់សម្ពាធខ្យល់កង់នោះទេ អ្នកពិបាកប៉ាន់ស្មានថា កង់របស់អ្នកខ្វះឬលើសសម្ពាធណាស់ ដោយគ្រាន់មើលនឹងភ្នែកទទេនោះ។
១៩. ឌីណាម៉ូ (Alternator)
ឌីណាម៉ូ ផលិតភ្លើងដើម្បីជំនួយដល់អាគុយកុំឲ្យវាធ្វើការធ្ងន់នាំឲ្យខូចខាត ក្នុងរយៈពេលខ្លី។ ពេលរថយន្តចាប់ផ្ដើមបញ្ឆេះ ឌីណាម៉ូក៏ចាប់ផ្ដើមវិល និងផលិតភ្លើងដើម្បីដំណើរការរថយន្ត ជាមួយអាគុយតែម្ដង ដោយប្រព័ន្ធភ្លើងរបស់រថយន្តទាំងមូលនឹងភ្ជាប់ជាមួយគ្នា។ បើសិនជាមានបញ្ហាកើតឡើងនៅក្នុងប្រព័ន្ធភ្លើង ឌីណាម៉ូក៏ប្រឈមមុខនឹងការខូចខាតដែរ។ ដូចគ្នានេះ បើសិនជាឌីណាម៉ូខូចខាត នោះប្រព័ន្ធភ្លើងក៏អាចនឹងខូចខាតដូចគ្នា។ អ៉ីចឹងបើមានផ្នែកណាមួយខូច អ្នកគួរប្រញាប់ទៅរកជាងទៅ ជាជាងទុកយូរនាំឲ្យអស់លុយក្នុងការជួសជុលច្រើន។
២០. Power Steering Fluid
ប្រេងចង្កូតសំខាន់ សម្រាប់អ្នកប្រើប្រាស់រថយន្តទាំងអស់ ព្រោះថាបើប្រេងនេះស្ងួតអស់ នោះចង្កូតនឹងតឹងខ្លាំង ឬគាំងមិនអាចបើកបរបានតែម្ដង អាចនាំឲ្យកើតមានគ្រោះថ្នាក់ផ្សេងៗបាន។ វិធីល្អគឺឧស្សាហ៍ពិនិត្យមើលកម្រិតប្រេង ចង្កូតហើយបញ្ចូលវាឲ្យស្ថិតនៅកម្រិតស្តង់ដារជានិច្ច៕