ក្រុមហ៊ុន Kia បានប្រកាសចេញរថយន្ត Sorento ម៉ូដែលថ្មីមួយទៀត ហៅថា Kia Sorento Turbo PHEV ដែលប្រើប្រាស់ម៉ាស៊ីនប្រភេទ Plug-in Hybrid។
រថយន្ត Kia Sorento Turbo PHEV ថ្មីនេះបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ turbocharged GDI ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយកម្លាំង ៩០សេះ និង អាគុយទំហំ ១៣,៨គីឡូវ៉ាត់ម៉ោង។ ម៉ាស៊ីនកូនកាត់នេះអាចផលិតកម្លាំងបានសរុបរហូតដល់ទៅ ២៦១សេះ ហើយដំណើរការជាមួយប្រព័ន្ធប៉ុងពីរ តាមរយៈប្រអប់លេខអូតូ ៦វគ្គ។
យោងតាមការអះអាងរបស់ Kia បានឲ្យដឹងថា រថយន្ត Sorento Turbo PHEV អាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៣២ម៉ាយ៍ ឬ ៥២គីឡូម៉ែត្រ ហើយចម្ងាយបើកបរសរុបគឺ ៤៦០ម៉ាយ៍ ឬ ៧៤០គីឡូម៉ែត្រ នៅពេលសាកភ្លើង និងចាក់សាំងមួយពេញ ខណៈដែលកម្រិតស៊ីសាំងរបស់វាជាមធ្យមគឺត្រឹមតែ ២,៩លីត្រប៉ុណ្ណោះ សម្រាប់ចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។
រថយន្ត SUV កូនកាត់នេះមានបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ ហើយមានមុខងារជំនួយការបើកបររហូតដល់ ១៣មុខ រួមទាំង Highway Driving Assist, Navigation Based Smart Cruise Control-Curve, 360-degree Surround View Monitor ថែមទាំងមានប្រព័ន្ធសំឡេង Bose premium sound system និងរន្ធសាកថ្មទូរសព្ទ ៨ ឯណោះ។
សូមបញ្ជាក់ថា រថយន្ត Kia Sorento Turbo PHEV ឆ្នាំ២០២២ ត្រូវគេរំពឹងថានឹងមកដល់ទីផ្សារសហរដ្ឋអាមេរិក នៅត្រីមាសទី៣ នៃឆ្នាំ២០២១ ហើយតម្លៃរបស់វានឹងត្រូវប្រកាសពេលជិតចេញលក់៕