នេះហើយជាឡានតូចផុតលេខរបស់ Hyundai

ក្រុមហ៊ុន Hyundai បានបង្ហាញចេញរូបភាពផ្លូវការដំបូងនៃរថយន្ត Casper ដែលជារថយន្ត SUV ខ្នាតតូចលំដាប់ A-Segment ដែលគ្រោងនឹងប្រកាសចេញនៅដំណាច់ឆ្នាំ២០២១នេះ។

រថយន្ត SUV នេះដើមឡើយគឺមានឈ្មោះកូដសម្គាល់ថា AX-1 ដែលធ្លាប់ត្រូវបានគេប្រទះឃើញសាកល្បងនៅក្នុងខែកុម្ភៈ និងបានលេចរូបរាងនៅលើរូបភាព Teaser មួយចំនួនកាលពីខែឧសភា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អត្តសញ្ញាណឌីហ្សាញដ៏លេចធ្លោរបស់រថយន្ត Casper នេះគឺការបំពាក់នូវអំពូលភ្លើង LED មូលដ៏ធំនៅពីលើកាងខាងមុខ ខណៈដែលផ្ទាំងប៉ាណាខាងមុខមានរចនាបថខុសគ្នាទៅតាមប្រភេទនៃរថយន្ត។

សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថារថយន្តនេះមានប្រវែង ៣៥៩៥ម.ម មានទទឹង ១៥៩៥ម.ម និងមានកម្ពស់ ១៥៧៥ម.ម ខណៈប្រវែងពីកង់មុខទៅក្រោយគឺ ២៤០០ម.ម។ ទំហំនេះធ្វើឲ្យវាតូចជាងរថយន្ត B-SUV ដទៃទៀតរបស់ Hyundai ដែលលក់នៅតាមបណ្ដាប្រទេសផ្សេងៗគ្នា រួមមានរថយន្តម៉ូដែល Bayon, Creta, Venue និង Kona។

រថយន្តតូចនេះដែរគឺប្រើប្រាស់គ្រោងឆ្អឹង K1 ដែលធ្លាប់ប្រើលើរថយន្ត A-Segment ដទៃទៀតដូចជា Hyundai i10 និង Kia Picanto។ ម៉ាស៊ីនរបស់វាមានជាជម្រើសម៉ាស៊ីន ៣ស៊ីឡាំងពីរប្រភេទ មានប្រភេទធម្មតាចំណុះ ១,០លីត្រ និងប្រភេទ Turbocharged ចំណុះ១,០លីត្រ ដែលមួយមានកម្លាំង៧៥សេះ និងមួយទៀតកម្លាំង៩៩សេះ។

មានការលេចឭដំណឹងថារថយន្ត Hyundai Casper នឹងចាប់ផ្ដើមការផលិតនៅកូរ៉េខាងត្បូងនៅថ្ងៃទី១៥ ខែកញ្ញា ដូចនេះការប្រកាសចេញជាផ្លូវការ និងការបញ្ចេញលក់អាចនឹងមិនយូរនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម