រថយន្ត Land Rover Defender រូបរាងថ្មី បានបង្ហាញមុខមាត់ជាផ្លូវការ បន្តស្នងតំណែងជាកំពូលរថយន្ត Off-Road ប្រចាំសម័យកាលថ្មី ដែលនឹងចេញលក់ជាផ្លូវការនៅឆ្នាំក្រោយនេះ។
រថយន្តថ្មីផលិតដោយប្រើគ្រោងឆ្អឹង D7X ដែលមានលក្ខណៈកាន់តែរឹងមាំ។ រូបរាងរបស់វាក៏មានផ្លាស់ប្ដូរថ្មីទាំងស្រុង រួមទាំងផ្នែកខាងក្រៅផងដែរ។ ផ្នែកខាងក្នុងមានចំនួនប៊ូតុងតិចតួចបំផុត ដោយការបញ្ជាភាគច្រើនធ្វើឡើងតាមរយៈអេក្រង់ Touch។
Defender ថ្មីមានជម្រើសកៅអីអង្គុយច្រើនប្រភេទ មានកៅអី ៥, កៅអីអង្គុយ ៦ (មុខ ៣ ក្រោយ ៣) និងជម្រើស ៧ កៅអី (មុខ ២ កណ្ដាល ៣ ក្រោយ ២)។ ជាមួយគ្រោងឆ្អឹងថ្មី ធ្វើឲ្យ Defender មានកម្ពស់ខ្ពស់ជាងមុន ពោលមានកម្ពស់ពីដី ២៩១ ម.ម ហើយអាចបើកបរកាត់ទឹកជម្រៅដល់ ៩០០ ម.ម។
សម្រាប់លក់នៅសហរដ្ឋអាមេរិក Defender មានជម្រើសម៉ាស៊ីនពីរគឺចំណុះ ២,០ លីត្រ Turbocharged និងមានប្រភេទ Hybird (MHEV) ទៀតផង។ ប្រភេទធម្មតាមានកម្លាំង ២៩៦ សេះ អាចស្ទុះដល់ ១០០ គ.ម/ម៉ ក្នុងពេល ៨,១ វិនាទី។ ចំណែកប្រភេទ Hybrid កម្លាំង ៣៩៥ សេះ ចំណាយពេល ៦,១ វិនាទីប៉ុណ្ណោះ។
Land Rover Defender មានចំនួន ៦ ប្រភេទ គឺធម្មតា, S, SE, HSE, X និង First Edition ដែលវាមានតម្លៃចាប់ពី ៤៩ ៩០០ ដុល្លារនៅសហរដ្ឋអាមេរិក៕