លេចឭដំណឹងថា Land Rover កំពុងសំងំផលិតឡាន Defender ខ្នាតធំ

បន្ថែមពីលើរថយន្ត Defender 130 តួវែងដែលមាន៨កៅអី ដែលរំពឹងថានឹងប្រកាសចេញនៅឆ្នាំ២០២២ហើយនោះ ពេលនេះមានការលេចឭដំណឹងថា Land Rover កំពុងផលិតរថយន្ត Defender មួយប្រភេទដែលកាន់តែមានប្រណីតភាព មានទំហំធំ ដែលផលិតចេញពីគ្រោងឆ្អឹងថ្មីរបស់រថយន្ត Range Rover។

គ្រោងឆ្អឹង MLA ដែលនឹងប្រើប្រាស់លើរថយន្ត Range Rover និង Range Rover Sport ជំនាន់ថ្មី នឹងជាគ្រោងឆ្អឹងល្អបំផុតសម្រាប់រថយន្ត Defender ដ៏ប្រណីត ដោយសារទំហំរបស់វា និងដោយសារសមត្ថភាពអាចប្រើប្រាស់ជាមួយម៉ាស៊ីនពីស្តុង, ម៉ាស៊ីន PHEV ឬប្រើថាមពលអគ្គិសនីសុទ្ធ។ តាមរយៈនេះគេអាចផលិតបានរថយន្ត Defender ដែលមានសមត្ថភាពខ្លាំង Off-Road គួបផ្សំនឹងផ្នែកខាងក្នុងដែលមានផាសុកភាពខ្លាំងផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Land Rover មានគ្រួសារចំនួនបី រួមមាន Discovery (Discovery Sport, Discovery), Range Rover (Evoque, Range Rover Sport, Range Rover Classic) និង Defender (90, 110, 130)។ ដូចនេះវាសមហេតុផលដែល Land Rover ព្យាយាមពង្រីកចំនួនប្រភេទនៃគ្រួសារនីមួយៗដើម្បីបង្កើនប្រាក់ចំណេញឲ្យកាន់តែខ្ពស់។

រថយន្ត Defender ដែលប្រើគ្រោងឆ្អឹង MLA រំពឹងថានឹងលេចមុខលើទីផ្សារនៅចុងឆ្នាំ២០២៤ ឬនៅដើមឆ្នាំ២០២៥ ដែលនឹងដាក់លក់ទន្ទឹមគ្នានឹងរថយន្ត Defender បច្ចុប្បន្ន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម