ប្រទេសន័រវេសទំនងជាប្រទេសដំបូងគេ ដែលរថយន្តថ្មីៗលក់ចេញលើទីផ្សារនឹងមានតែជាប្រភេទរថយន្តអគ្គិសនី និងរថយន្ត Hybrid តែប៉ុណ្ណោះ ដែលការព្យារករណ៍បង្ហាញថាវាអាចកើតមានឡើងនៅលឿនបំផុតគឺនៅខែមេសា ឆ្នាំ២០២២។
គោលដៅនៃការលុបបំបាត់រថយន្តប្រើម៉ាស៊ីនរបស់ប្រទេសន័រវេសគឺនៅក្នុងឆ្នាំ២០២៥ ដែលលឿនជាងប្រទេសមួយចំនួនទៀត។ យ៉ាងណាក្ដី បើផ្អែកតាមការវិភាគលើការធ្លាក់ចុះនៃរថយន្តម៉ាស៊ីននៅប្រទេសន័រវេសចាប់តាំងពីឆ្នាំ២០១៧មក សហព័ន្ធយានយន្តន័រវេសអះអាងថា រថយន្តម៉ាស៊ីនអាចនឹងបាត់មុខពីទីផ្សាររថយន្តថ្មីនៅត្រឹមខែមេសាឆ្នាំក្រោយ។
បើមើលលើចំនួនលក់រថយន្តថ្មីប្រចាំខែសីហា ឆ្នាំ២០២១ នៅប្រទេសន័រវេស រថយន្តអគ្គិសនីគឺមានចំណែក ៧២% នៃចំនួនលក់សរុប ខណៈដែលរថយន្ត Hybrid និង PHEV មានចំណែក ២០,៤% ដែលរថយន្តម៉ាស៊ីនប្រេងសាំងមានចំណែកត្រឹម ៤,៦% ហើយរថយន្តម៉ាស៊ីនម៉ាស៊ូតមានចំណែក ៣,២%៕