Rolls-Royce បង្ហាញរាងឡានអគ្គិសនីសុទ្ធដំបូង គ្រោងចេញលក់ឆ្នាំ២០២៣

ក្រុមហ៊ុន Rolls-Royce បានបង្ហាញចេញព័ត៌មានថ្មីៗជុំវិញ​រថយន្តអគ្គិសនីសុទ្ធដំបូងរបស់ខ្លួន ក្រោយពីបានបង្ហាញរថយន្ត Concept ប្រភេទអគ្គិសនីឈ្មោះ 102EX និង 103EX រួចមក។

រថយន្តអគ្គិសនីដំបូងរបស់ Rolls-Royce មានឈ្មោះថា Spectre ដែល​គ្រោង​នឹង​ចេញ​លក់​លើ​ទីផ្សារនៅត្រីមាសទីបួននៃឆ្នាំ២០២៣ ចេញលក់ជាស៊េរីឆ្នាំ២០២៤។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce បានបញ្ជាក់ច្បាស់ៗថារថយន្តអគ្គិសនីនេះ​គឺមាន​ប្រើប្រាស់នូវគ្រោងឆ្អឹងរបស់ខ្លួន មិនមែនគ្រោងឆ្អឹង BMW ដូចដែលលេចឭកន្លងមកនោះទេ វាគឺ​គ្រោងឆ្អឹងអាលុយមីញ៉ូមដែលបានប្រើលើរថយន្ត Phantom ឆ្នាំ២០១៧, រថយន្ត Cullinan និងរថយន្ត Ghost ជំនាន់ថ្មីផងដែរ។

Rolls-Royce មិនត្រឹមតែបង្ហាញដំណឹងពីរថយន្ត Spectre នោះទេ ប៉ុន្តែក៏បានបង្ហាញរូបរាងគំរូ​ផ្លូវការនៃរថយន្តនេះ ដែល​មាន​បិទបាំង​នូវ​ការ​ឌីហ្សាញ​ផងដែរ ដែលទម្រង់នៃរថយន្តនេះមានលក្ខណៈស្រដៀងនឹងរថយន្ត Wraith បំផុត។

គួរដឹងថារថយន្តគំរូនៃ Rolls-Royce Spectre នឹងត្រូវឆ្លងកាត់​ការបើកបររយៈចម្ងាយ ២,៥លានគីឡូម៉ែត្រ ក្នុងគ្រប់​ស្ថានភាព និង​លើ​គ្រប់ប្រភេទផ្លូវនៅជុំវិញពិភពលោក ដើម្បី​សាកល្បង​លើ​ការប្រើប្រាស់ មុនពេលរថយន្តនេះដឹក​ជញ្ជូន​ទៅដល់អតិថិជនដំបូងនៅត្រីមាសទី៤ នៃឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម