កាលពីថ្ងៃទី ១២ ខែមិថុនា កន្លងទៅ (ចុចទីនេះដើម្បីអានលម្អិត) រថយន្ត Lexus NX ឆ្នាំ២០២២ បានបង្ហាញវត្តមានជាផ្លូវការជាមួយការរចនាថ្មីស្ទើរទាំងស្រុង និងបំពាក់ជាមួយបច្ចេកវិទ្យាកាន់តែទំនើប។ នាពេលនេះផងដែរក្រុមហ៊ុន Lexus បានធ្វើការប្រកាសអំពីតម្លៃនៃរថយន្ត Crossover នេះជាផ្លូវការ។
រថយន្ត Lexus NX ឆ្នាំ២០២២ ផ្តល់នូវជម្រើសចំនួន ៤ម៉ូឌែលគឺ៖
- ម៉ូឌែលប្រភេទ NX 250 ដោយប្រភេទប៉ុងមួយ FWD មានតម្លៃចាប់ពី ៣៧ ៩៥០ដុល្លារ និងប្រភេទប៉ុងពីរ AWD មានតម្លៃចាប់ពី ៣៩ ៥៥០ដុល្លារ។
- ម៉ូឌែលប្រភេទ NX 350 ប្រភេទប៉ុងពីរ AWD មានតម្លៃចាប់ពី ៤១ ៥៥០ដុល្លារ និងប្រភេទ Sport មានតម្លៃចាប់ពី ៤៦ ៦៥០ដុល្លារ។
- ម៉ូឌែលប្រភេទ NX 350h មានតម្លៃចាប់ពី ៤១ 0៥០ដុល្លារ។
- ម៉ូឌែលប្រភេទ NX 450h មានតម្លៃចាប់ពី ៥៥ ៥៦០ដុល្លារ និងប្រភេទ Sport មានតម្លៃចាប់ពី ៥៦ ៩០០ដុល្លារ។
សម្រាប់ម៉ូឌែល NX 250 បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៥លីត្រ មានកម្លាំង ២០៣សេះ និងកម្លាំងរមួល ២៤៩ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ។ NX 350 បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៤លីត្រ Turbo មានកម្លាំង ២៧៥សេះ និងកម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ។
រីឯ NX 350h បំពាក់ជាមួយម៉ាស៊ីនហាយប្រ៊ីដចំណុះ ២,៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ផលិតកម្លាំងបាន ២៣៩សេះ និងមានកម្រិតស៊ីសាំងជាមធ្យម ៦លីត្រ។ និងម៉ូឌែល NX 450h+ ដំណើរការដោយម៉ាស៊ីន PHEV បំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយខាងក្រោយ និងកញ្ចប់អាគុយលីដ្យូមទំហំ ១៨,១kWh ដែលផលិតបានកម្លាំង ៣០២សេះ និងអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធចម្ងាយ ៦០គីឡូម៉ែត្រ៕