ក្រុមហ៊ុន General Motors កំពុងតែសម្ងំផលិតរថយន្ត SUV ដំណើរការដោយថាមពលអគ្គិសនីសុទ្ធថ្មី ដែលយកលំនាំតាមរថយន្ត Chevrolet Equinox។
ប្រធានក្រុមហ៊ុន General Motors លោក Mark Reuss បានថ្លែងក្នុងពេលធ្វើបទបង្ហាញដល់អ្នកវិនិយោគ នាពេលថ្មីៗនេះថាក្រុមហ៊ុនរបស់លោកកំពុងធ្វើការលើ Crossover អគ្គិសនីថ្មី ដែលប្រើគ្រោងឆ្អឹង Ultium Platform របស់ខ្លួន ហើយនឹងត្រូវដាក់លក់ក្នុងតម្លៃប្រហែល ៣ ម៉ឺនដុល្លារ។ លោកបានបន្ថែមថា លោកបានហៅរថយន្តនោះថាជា Equinox EV។
ដោយសារតែរថយន្ត SUV អគ្គិសនីខាងលើ នឹងប្រើគ្រោងឆ្អឹង Ultium Platform ជាជាងប្រើគ្រោងឆ្អឹងដែលមានស្រាប់លើរថយន្ត Equinox ដូច្នេះវាគួរតែជាម៉ូដែលថ្មីទាំងស្រុង។ ជាក់ស្តែង ប៉ាតង់ឌីហ្សាញមួយដែលបានរកឃើញកាលពីប៉ុន្មានខែមុន បានបង្ហាញថាវានឹងមានរូបរាងខុសប្លែកពី Equinox បច្ចុប្បន្ន។
ថ្វីត្បិតតែមានផ្នែកខាងមុខ និងខាងក្រោយ ផ្ទាល់ខ្លួនក៏ដោយ ក៏ទំហំ និងរូបរាងទាំងមូលនៃរថយន្ត Equinox EV នឹងមានលក្ខណៈប្រហាក់ប្រហែលទៅនឹងម៉ូដែល Equinox ធម្មតាដែរ៕