
នៅឆ្នាំ ២០២០ រថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធចំនួន ៥ នឹងបញ្ចេញលក់លើទីផ្សារ មានចាប់តាំងពីប្រភេទរថយន្តភីកអាប់ ដល់ប្រភេទ Super Car។
Volkswagen ID.3

រថយន្តប្រភេទ Hatchback នេះនឹងចេញលក់ដើមឆ្នាំ ២០២០។ ក្រុមហ៊ុនអាល្លឺម៉ង់មិនទាន់បានបង្ហាញដំណឹងលម្អិតនោះទេ ប៉ុន្តែបញ្ជាក់ថានឹងមានទំហំប៉ុនម៉ូដែល Golf ដែរ។ វាអាចបើកបរបានចម្ងាយចន្លោះពី ២៩០ ទៅ ៤០០ គ.ម ពេលសាកមួយពេញ ជាមួយតម្លៃចាប់ពី ៣០ ០០០ ដុល្លារនៅអឺរ៉ុប។
Rivian R1T

រថយន្តភីកអាប់របស់ Rivian Automative បានបង្ហាញមុខជាលើកដំបូងនៅឆ្នាំ ២០១៨។ វាមានម៉ូទ័រអគ្គិសនីចំនួន ៤ អាចផលិតកម្លាំង ១៧៤ សេះ ប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់ ៤។ រថយន្តនេះអាចបើកបរបានចម្ងាយ ៣៧០ ទៅ ៦៤០ គ.ម ជាមួយតម្លៃចាប់ពី ៦២ ០០០ ដុល្លារ។
BMW IX3

រថយន្ត Concept នេះបានបង្ហាញក្នុងឆ្នាំ ២០១៨ នៅកម្មវិធីប្រទេសចិន។ វាអាចបើកបរបានចម្ងាយ ៣៥០ គ.ម និងមានកម្លាំង ២៧០ សេះ។ រថយន្តអគ្គិសនីរបស់ BMW នេះនឹងផលិតនៅប្រទេសចិន ហើយចែកចាយលក់ជុំវិញពិភពលោក។
Byton M-Byte

Byton ជាក្រុមហ៊ុនរថយន្តអគ្គិសនីបង្កើននៅប្រទេសចិន ដែលមានការបណ្ដាក់ទុនពីអតីតនាយកក្រុមហ៊ុន BMW។ រថយន្តដំបូងរបស់ Byton នឹងជាម៉ូដែល M-Byte ដែលចេញលក់នៅអាមេរិកនៅឆ្នាំ ២០២០។ រថយន្តនេះមានតម្លៃចាប់ពី ៤៥ ០០០ ដុល្លារ ជាមួយចម្ងាយបើកបរ ៤០០ គ.ម។
Fisker eMotion

អតីតអ្នកឌីហ្សាញរថយន្ត Aston Martin ឈ្មោះ Henrik Fisker បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ពេលបង្ហាញមុខរថយន្តអគ្គិសនី eMotion ជាប្រភេទ Supercar កាលពីឆ្នាំ ២០១៨។ រថយន្តនេះអាចផលិតកម្លាំងបាន ៧៧៥ សេះ និងអាចស្ទុះពី ០-៩៦ គ.ម/ម៉ ក្នុងពេលតិចជាង ៣ វិនាទី។ វាអាចបើកបរបានចម្ងាយ ៦៤០ គ.ម ដោយតម្លៃគ្រោងនឹងបង្ហាញពេលចេញលក់នៅឆ្នាំ ២០២០ ខាងមុខ៕














