Toyota ​ផ្អាក​ផលិតកម្ម​នៅ​រោងចក្រ​ជប៉ុន ២ ដោយសារ​កង្វះ​ការផ្គត់ផ្គង់

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Toyota បានប្រាប់ទៅកាន់សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Toyota Motor Corp បានបញ្ឈប់ការផលិតនៅរោងចក្រចំនួនពីរ ក្នុងប្រទេសជប៉ុន ដោយសារតែកង្វះការផ្គត់ផ្គង់។

ការ​បញ្ឈប់​នេះ​មាន​ន័យ​ថា Toyota មិន​អាច​ត្រលប់​ទៅ​ប្រតិបត្តិការ​ធម្មតា​វិញ​ក្នុង​ខែ​ធ្នូ ដូច​ដែល​ខ្លួន​បាន​គ្រោង​ទុក​ពី​ដើមឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តខាងលើធ្លាប់បាននិយាយពីមុនថា ខ្លួនសង្ឃឹមថានឹងត្រលប់ទៅរកផលិតកម្មធម្មតាវិញជាលើកដំបូងក្នុងរយៈពេល ៧ខែ ក្នុងខែធ្នូ បន្ទាប់ពីកង្វះការផ្គត់ផ្គង់បានរំខានដល់ការផលិត។

គួរឲ្យដឹងថា ផលិតកម្មនៅរោងចក្រទាំងពីរខាងលើ ត្រូវបានផ្អាកកាលពីថ្ងៃពុធ ហើយការផ្អាកនេះត្រូវបានគេរំពឹងថា នឹងបន្តរយៈពេលប្រហែល ៣ ថ្ងៃ។ នេះបើយោងអ្នកនាំពាក្យខាងលើបានប្រាប់ Reuters ដោយបានបន្ថែមថា វាត្រូវបានជំរុញដោយការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងប្រទេសជប៉ុន ក៏ដូចជាកង្វះកម្លាំងពលកម្មនៅក្នុងប្រទេសវៀតណាម ដោយសារតែជំងឺកូវីដ១៩។

យ៉ាងណាមិញ ក្រុមហ៊ុនរំពឹងថា ការផលិតរថយន្តនឹងធ្លាក់ចុះចំនួន ៣ ៥០០ គ្រឿងពីការបញ្ឈប់ ប៉ុន្តែនឹងរក្សាគោលដៅរបស់ខ្លួនក្នុងការផលិតរថយន្តចំនួន ៩ លានគ្រឿងនៅទូទាំងពិភពលោក ក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុ ដែលបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម