រថយន្ត Honda Civic Hatchback ត្រូវបានបង្ហាញខ្លួនជាផ្លូវការនៅលើទីផ្សារប្រទេសថៃ តាំងពីខែមីនា ឆ្នាំ២០១៧កន្លងទៅ ជាមួយជម្រើសម៉ាស៊ីនតែមួយប្រភេទប៉ុណ្ណោះ គឺម៉ាស៊ីនសាំង ១,៥លីត្រ Turbo ដោយមានតម្លៃចាប់ពី ៣៤ ៧៩០ដុល្លារ។
នៅខែវិច្ឆិការ ឆ្នាំ ២០១៩ វាបានទទួលម៉ូឌែលថ្មី Mino Change ដែលដំណើរការដោយម៉ាស៊ីន Turbo RS និងបំពាក់មកជាមួយប្រព័ន្ធជំនួយការបើកបរ Honda SENSING ដោយតម្លៃចាប់ពី ៣៦ ២៨០ដុល្លារ។
រហូតអស់រយៈពេល ៥ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៧ ក្រុមហ៊ុន Honda Motor បានធ្វើការបង្ហាញចេញនូវរថយន្ត Honda Civic Hatchback ជំនាន់ទី១១ នៅខែមិថុនា ឆ្នាំ២០២១នេះ ជាមួយជម្រើសម៉ាស៊ីនសាំង ២ប្រភេទគឺ ២,០លីត្រ និង ១,៥លីត្រ Turbocharged ភ្ជាប់ដោយប្រអប់លេខ ៦វគ្គអូតូ។
ប៉ុន្តែដោយយោងតាមគេហទំព័រ Headlightmag.com បានបញ្ជាក់ថា រថយន្ត Honda Civic Hatchback ជំនាន់ថ្មី នឹងលែងមានវត្តមាននៅលើទីផ្សារប្រទេសថៃទៀតហើយ បន្ថែមពីនេះសង្វាក់ផលិតកម្មនៃរថយន្តនេះក្នុងប្រទេសក៏លែងមានដូចគ្នាដែរ។ ជាមួយបញ្ហានេះ វាបានបណ្តាលមកពីចំនួនលក់នែរថយន្តប្រភេទ Hatchback នៅលើទីផ្សារអាស៊ាន និងទីផ្សារអូសេអានី(អូស្ត្រាលី និងនូវែលសេឡង់) គឺមានចំនួនតិច។ ដូច្នេះរថយន្ត Civic Hatchback ដែលប្រទេសនូវែលសេឡង់ត្រូវបាននាំចេញពីរោងចក្រនៅប្រទេសថៃ ត្រូវបានផ្លាស់ប្តូរទៅកាន់រោងចក្រនៅប្រទេសជប៉ុនវិញ៕