[ទីផ្សារបរទេស] ការត្រួតពិនិត្យមើលតួលេខលក់របស់ក្រុមហ៊ុនរថយន្តប្រចាំឆ្នាំ២០២១ជារឿងគួរឲ្យចាប់ចិត្តមួយ ហើយឆ្នាំនេះរឿងដ៏គួរឲ្យចាប់ចិត្តបំផុតគឺចេញក្រុមហ៊ុន Stellantis ដែលជាក្រុមហ៊ុនមេរបស់ Chrysler, Dodge, Alfa Romeo, Jeep និងម៉ាករថយន្តជាច្រើនទៀត។
រឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថារថយន្ត Jeep Patriot បានកត់ត្រាការកើនឡើងចំនួនលក់ក្នុងភាគរយខ្ពស់បំផុតមិនធ្លាប់មាន ទោះបីជាត្រូវបានបញ្ឈប់ការផលិតតាំងពីឆ្នាំ២០១៧ហើយក្ដី។
គួរដឹងថាឆ្នាំ២០១៦ ជាឆ្នាំដែលរថយន្ត Jeep Patriot លក់ដាច់បានច្រើនបំផុតដែលលក់ចេញបានជាង ១២ម៉ឺនគ្រឿង មុនត្រូវបញ្ឈប់ការផលិតក្រោយឆ្នាំ២០១៧ ពេលដែលចំនួនលក់បានធ្លាក់ចុះនៅសល់ត្រឹម ៤០ ៧៣៥គ្រឿង។
ចាប់តាំងពីការផលិតត្រូវបានបញ្ចប់ មានរថយន្ត Patriot ថ្មីចំនួន ៦៦៦គ្រឿង បានលក់ជូនអតិថិជនថ្មី ដោយក្នុងឆ្នាំ២០២០ មានរថយន្តបីគ្រឿងបានស្វែងរកឃើញអតិថិជនថ្មី។ ដោយឡែកសម្រាប់ឆ្នាំ២០២១ ចំនួនលក់នេះបានកើនឡើងរហូតដល់ ៤៣៣% ដោយការលក់សរុបមានចំនួន ១៦គ្រឿង។
នេះជារឿងគួរឲ្យភ្ញាក់ផ្អើលដែលរថយន្ត Jeep Patriot នៅមានសេសសល់ច្រើនគ្រឿងទៀតសម្រាប់លក់ជូនអតិថិជន ហើយអតិថិជនក៏នៅហ៊ានចំណាយប្រាក់ទិញយករថយន្តដែលឈប់ផលិតតាំងពីឆ្នាំ២០១៧នេះផងដែរ៕