[ទីផ្សារបរទេស] ទីផ្សាររថយន្តថាមពលថ្មី (NEV) នៅក្នុងប្រទេសចិនឃើញថាមានកំណើនរហូតដល់ ១៥៤% នៅក្នុងឆ្នាំ២០២១ ដោយមានរថយន្តសរុប ៣,៣លានគ្រឿងបានលក់ចេញទៅលើទីផ្សារ។
រថយន្ត NEV មានបញ្ចូលទាំងរថយន្តអគ្គិសនីសុទ្ធ និងរថយន្ត Hybrid ដែលសាកភ្លើងបាន (PHEV) ដោយសរុបជារួមចំនួនលក់ ៣,៣លានគ្រឿង មានកើនឡើងខ្លាំងបើធៀបនឹងចំនួនលក់ ១,៣លានគ្រឿងកាលពីឆ្នាំ២០២០ និងចំនួនលក់ ១,២លានគ្រឿងក្នុងឆ្នាំ២០១៩។
ក្នុងនោះដែរក្រុមហ៊ុនដែលលក់រថយន្តអគ្គិសនីបានច្រើនជាងគេគឺ SAIC ដែលលក់ចេញបានជាង ៧៣ម៉ឺនគ្រឿង។ ចំណែកលេខពីរគឺក្រុមហ៊ុនអាមេរិក Tesla ដែលលក់ចេញបានជាង ៤៧ម៉ឺនគ្រឿង ប៉ុន្តែជាចំនួនលក់នៃរថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។ BYD ជាក្រុមហ៊ុនមួយទៀតដែលលក់តែរថយន្តអគ្គិសនីសុទ្ធ ដែលចំនួនលក់ឆ្នាំ២០២១ គឺមានសរុបជាង ៣២ម៉ឺនគ្រឿង ស្ថិតនៅបន្ទាប់ពី Tesla។
ក្នុងចំណោមក្រុមហ៊ុនរថយន្តដែលលក់រថយន្ត NEV បានច្រើនជាងគេ គេឃើញឈ្មោះម៉ាកចំនួនពីរគួរឲ្យចាប់អារម្មណ៍គឺម៉ាក Xpeng និង Nio ដែលទើបបង្កើតឡើងថ្មីថ្មោង និងផលិតតែរថយន្តអគ្គិសនីសុទ្ធប៉ុណ្ណោះ។ ម៉ាកទាំងពីរនេះលក់រថយន្តបានជាង ៩ម៉ឺនគ្រឿង ប៉ុន្តែមួយ (Xpeng) មានកំណើនលក់ ២៦៣% និងមួយទៀត (Nio) មានកំណើនលក់ ១០៩% ធៀបនឹងឆ្នាំ២០២០៕