[ទីផ្សារបរទេស] ក្រុមហ៊ុន BMW ដែលជាម៉ាករថយន្តប្រណិតរបស់អាឡឺម៉ង់កំពុងបញ្ចប់ការលក់រថយន្តដែលប្រើប្រាស់ម៉ាស៊ីន V12 ដែលមានអាយុកាលរយៈពេល ៣៦ ឆ្នាំ ជាមួយនឹងការផ្លាស់ប្តូរក្នុងការអភិវឌ្ឍន៍ម៉ាស៊ីនតូចជាងមុន ដើម្បីទៅរករថយន្តអគ្គិសនីសុទ្ធវិញ។
បច្ចុប្បន្ននេះ BMW ផ្តល់ជូនម៉ាស៊ីន V12 តែមួយគត់នៅក្នុងត្រកូល 7 Series រួមមាន M760i xDrive និង long-wheelbase M760Li xDrive ដែលជាម៉ាស៊ីនសាំង ៦,៦ លីត្រ twin-turbocharged ផលិតកម្លាំង ៦១០ សេះ និង កម្លាំងរមួល ៨០០ ញ៉ូតុនម៉ែត្រ បញ្ជូនថាមពលទៅកាន់កង់ទាំងបួនជាមួយនឹងប្រព័ន្ធ xDrive អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ៣,៨ វិនាទី។
សម្រាប់រថយន្ត BMW 7 Series បច្ចុប្បន្នដែលមានលេខតួ G11 និង G12 នឹងត្រូវឈប់ផលិតនៅខែមិថុនាខាងមុខនេះ មុននឹងចាប់ផ្ដើមផលិតរថយន្តជំនាន់ថ្មីដោយប្រើលេខតួ G70 ក្នុងខែកក្កដាបន្តដោយមិនមានជម្រើសម៉ាស៊ីន V12 ទៀតទេ ហើយ M760i xDrive និង M760Li xDrive នឹងក្លាយជារថយន្ត BMW ចុងក្រោយដែលបំពាក់ម៉ាស៊ីន V12 ចេញរោងចក្រ។
បន្ថែមពីនេះម៉ាស៊ីនដ៏ធំបំផុតដែលនឹងត្រូវបានដំឡើងនៅក្នុងរថយន្ត BMW 7 Series ស៊េរីថ្មី លេខតួ G70 នឹងក្លាយជាម៉ាស៊ីន Twin-Turbo V8 ចំណុះ ៤,៤លីត្រ នៅតែមិនមែនជាម៉ាស៊ីនខ្លាំងបំផុតក្នុងត្រកូល 7 Series នោះទេ។ ប៉ុន្តែមានពាក្យចចាមអារ៉ាមថា រថយន្តនេះនឹងក្លាយជារថយន្តប្រភេទ Plug-in Hybrid បំពាក់ជាមួយម៉ាស៊ីនទំហំ ៦ស៊ីឡាំង ឬប្រើប្រាស់អគ្គិសនីសុទ្ធ។
ទន្ទឹមនឹងនេះរថយន្ត Rolls-Royce ដែលជាផ្នែកមួយរបស់ BMW Group បន្តធ្វើទីផ្សារម៉ាស៊ីន V12 របស់ខ្លួន រួមទាំងប្រភេទ Wraith និង Dawn បំពាក់ម៉ាស៊ីនចំណុះ ៦,៦ លីត្រ ហើយ Phantom, Ghost និង Cullina ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៦,៧៥ លីត្រ ហើយវាមិនទាន់ដឹងថាពេលណាម៉ូឌែលទាំងពីរនឹងត្រូវដកចេញពីត្រកូល Rolls-Royce នោះទេ។ ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងកើតឡើងមិនលើសពីឆ្នាំ ២០៣០ ឡើយ៕
ប្រភព៖ Sanook