[ទីផ្សារបរទេស] កាលពីខែមីនា ឆ្នាំ២០២១ កន្លងទៅក្រុមហ៊ុន Kia បានធ្វើការបង្ហាញចេញនូវរូបរាងនៃរថយន្តអគ្គិសនី Kia EV6 ប្រភេទ Crossover ជាផ្លូវការ ខណៈពេលនេះក្រុមហ៊ុន Kia បានធ្វើការបញ្ចេញនៅតម្លៃរបស់រថយន្ត Kia EV6 ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារអាមេរិក ដែលនឹងមានតម្លៃចាប់ផ្តើមពី ៤០ ៩០០ ដុល្លារ មុនពេលរួមបញ្ជូលទឹកប្រាក់ជំនួយពីរដ្ឋាភិបាល ៧ ៥០០ ដុល្លារ និងថ្លៃដឹកជញ្ចូន ១ ២១៥ ដុល្លារ មានន័យថារថយន្តនេះមានតម្លៃ ៣៤ ៦១៥ ដុល្លារ ដោយគ្រោងនឹងមកដល់ហាងចែកចាយក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
សម្រាប់ម៉ូដែល entry-level ត្រូវបានគេស្គាល់ថាជា EV6 Light ហើយមានកញ្ចប់អាគុយ ៥៨ គីឡូវ៉ាត់ម៉ោង ដែលផ្តល់ថាមពលដល់ម៉ូទ័រអគ្គិសនីដែលបំពាក់នៅខាងក្រោយដែលផលិតកម្លាំងបាន ១៦៧ សេះ និងកម្លាំងរមួល ៣៤៩ ញ៉ូតុនម៉ែត្រ រថយន្តអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៨,០ វិនាទី ជាមួយល្បឿនអតិបរមា ១៨៥ គីឡូម៉ែត្រ/ម៉ោង និងរត់បានចម្ងាយ ៣៧៣ គីឡូម៉ែត្រ ក្នុងការសាកថ្មម្តង។
ចំពោះរថយន្តនេះបំពាក់ជាមួយអំពូល LED និងថាសកង់យ៉ាន់ទំហំ ១៩ អ៊ីញ, កុងទ័រឌីជីថលទំហំ ១២,៣ អ៊ីង និងអេក្រង់កំសាន្ត ១២,៣ អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay និងប្រព័ន្ធ GPS ផងដែរ។ លើសពីនេះ ម៉ូដែលនេះក៏មានបំពាក់ជាមួយ កៅអីស្បែកភ្ជាប់ដោយមុខងារកំដៅ ប្តូរទិសដៅដោយថាមពលអេឡិចត្រូចបាន ៨របៀបផងដែរ សម្រាប់អ្នកបើកបរ រួមបន្ថែមជាមួយចង្កូតស្រោបដោយស្បែក កន្លែងសាកថ្មឥតខ្សែ និងម៉ាស៊ីនត្រជាក់អូតូជាដើម។
ទន្ទឹមនឹងនេះ អតិថិជនក៏អាចមានជម្រើសសម្រាប់រថយន្ត EV6 Wind ដែលមានតម្លៃចាប់ផ្តើមពី ៤០,៧១៥ ដុល្លារ។ ដោយមានថាមពលអាគុយ ៧៧,៤គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីដែលមានថាមពលខ្លាំង ដែលបង្កើតកម្លាំងបាន ២២៥ សេះ និងកម្លាំងរមួល ៣៤៩ ញ៉ូតុនម៉ែត្រ ព្រមទាំងអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៧,២ វិនាទី និងបើកបរបានចម្ងាយ ៤៩៩ គីឡូម៉ែត្រ ក្នុងការសាកថ្មម្តង។
សម្រាប់ EV6 Wind ក៏មានជម្រើសប្រើម៉ូទ័រអគ្គិសនីភ្លោះ AWD ដែលផលិតកម្លាំងបាន ៣២០ សេះ និងកម្លាំងរមួល ៦០៤ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ ប្រើរយះពេល ៥,១ វិនាទី ខណៈពេលដែលល្បឿនអតិបរមា ១៨៨ គីឡូម៉ែត្រ/ម៉ោង។ ខណៈម៉ូដែលនេះ មានតម្លៃចាប់ផ្តើមពី ៤៤ ៦១៥ ដុល្លារ និងមានថាមពលថអាគុយ ៧៧,៤ គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយ ៤៤១ គីឡូម៉ែត្រ ពេលសាកថ្មម្តង។
ដោយទុកផ្នែកម៉ាស៊ីនមួយឡែក EV6 Wind ក៏មានលក្ខណៈពិសេសផ្នែកខាងក្រៅដែលបានកែសម្រួលជាមួយនឹង accents ខ្មៅរលោង និងទ្វារក្រោយអូតូ។ ម៉ូដែលនេះ ខាងក្នុងកាប៊ីនមានបំពាក់ជាមួយកៅអីខាងមុខស្រោបដោយស្បែកមុខងារកម្តៅ ព្រមទាំងអាចបញ្ជាបាន ៨របៀបុំ ឧបករណ៍បំពងសំឡេងកម្រិតខ្ពស់ Meridian, Parking Distance Warning និង Vehicle-to-Load port ជាដើម។
ចំណែកម៉ូដែល EV6 GT-Line ដែលប្រើប្រាស់ម៉ាស៊ីនដូចគ្នានឹង EV6 Wind ដោយមានតម្លៃចាប់ផ្តើមពី ៤៤ ៩១៥ ដុល្លារ សម្រាប់ប្រភេទប៉ុង១ និង ៤៩ ៦១៥ ដុល្លារ សម្រាប់ម៉ូដែលប៉ុង២។ GT-Line ត្រូវបានសម្គាល់ដោយផ្នែកខាងក្រៅបែបស្ព័រ រួមទាំងផ្នែកខាងក្នុងដ៏ពិសេស។ ម៉ូដែលនេះក៏មានបំពាក់កញ្ចក់មើលក្រោយ auto-dimming rearview mirror Homelink ផងដែរ។
លើសពីនេះ EV6 GT-Line មានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយអ្នកបើកបរដូចជា Highway Driving Assist 2, Auto Evasive Steering Assist, Remote Smart Parking Assist, Surround View Monitor, Smart Cruise Control និង Forward Collision Avoidance Assist៕