Tesla ផ្ដួល BMW ក្លាយជាក្រុមហ៊ុនលក់ឡានប្រណីតបានច្រើនជាងគេនៅអាមេរិក

[ទីផ្សារបរទេស] ស្ថាប័ន Cox Automotive បានអះអាងថាក្រុមហ៊ុន Tesla មិនត្រឹមតែជាស្ដេចក្រាញ់ក្នុងទីផ្សាររថយន្តអគ្គិសនីនោះទេ ប៉ុន្តែក៏បានគ្រងតំណែងលេខមួយក្នុងទីផ្សាររថយន្តប្រណីតសរុបជារួមនៅសហរដ្ឋអាមេរិក ដែលអាចលក់រថយន្តបានច្រើនជាង BMW, Audi, Lexus និង Mercedes-Benz ផងដែរ។

ត្បិតថា Tesla មិនបានបញ្ជាក់អំពីចំនួនលក់របស់ខ្លួននៅ​ទីផ្សារសហរដ្ឋអាមេរិក ដោយបានត្រឹមប្រកាសចំនួនលក់ជាសកលលោក ប៉ុន្តែ Cox Automotive ប៉ាន់ស្មានថាក្រុមហ៊ុននេះលក់រថយន្តបានប្រមាណ ៣៥២ ៤៧១គ្រឿង នៅសហរដ្ឋអាមេរិក នៅពេញមួយឆ្នាំ២០២១ ដែលកើនឡើងខ្លាំងបើធៀបនឹងចំនួនលក់ ២០៥ ៦០០គ្រឿង កាលពីឆ្នាំ២០២០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះផងដែរថា Tesla លក់រថយន្ត Model Y បានចំនួន ១៩០ ៣៩៣គ្រឿង និងរថយន្ត Model 3 លក់បានចំនួន ១២១ ៨៧៧គ្រឿង នៅសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២១។

ដោយឡែក BMW ត្រូវបានរាយការណ៍ថាលក់រថយន្តបាន ៣៣៦ ៦៤៤គ្រឿង ខណៈដែល Lexus លក់រថយន្តបាន ៣០៤ ៤៧៦គ្រឿង និង Mercedes-Benz លក់បានចំនួន ២៧៦ ១០២គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម