ការសិក្សាថ្មីមួយរកឃើញថា «កាប៊ីនរថយន្ត​ កខ្វក់​ជាង​បង្គន់» ទៅទៀត​

[បរទេស] ប្រសិនបើអ្នកចូលចិត្តញ៉ាំអាហារនៅក្នុងរថយន្តរបស់អ្នកជាទៀងទាត់ អ្នកប្រហែលជាអាចគិតឡើងវិញបាននូវការសម្រេចចិត្តនោះ ខណៈដែលការសិក្សាថ្មីមួយបានរកឃើញថា «រថយន្តអាចកខ្វក់ជាងបង្គន់ទូទៅ» ទៅទៀត។

ការសិក្សានេះត្រូវបានធ្វើឡើងដោយអ្នកស្រាវជ្រាវមកពីសាលាជីវវិទ្យា (School of Biosciences) នៃសាកលវិទ្យាល័យ Aston University ហើយពួកគេយកគំរូពីបង្គន់ចំនួន ២ និងរថយន្តចំនួន ៥ រួមទាំងរថយន្តមួយដែលមានអាយុត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លទ្ធផលគឺធ្វើឲ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែគ្រប់រថយន្តក្នុងការសិក្សាមានផ្ទុកបាក់តេរីក្នុងលាមក។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលរឹតតែខ្លាំងនោះ កម្រិតខ្ពស់បំផុតនៃបាក់តេរីក្នុងលាមក ត្រូវបានរកឃើញនៅក្នុងឃ្លុបក្រោយនៃរថយន្ត ហើយអ្នកស្រាវជ្រាវបានកត់សម្គាល់ថា វាគឺជាកន្លែងដែលមនុស្សភាគច្រើនដាក់គ្រឿងទេស ឬរបស់របរប្រើប្រាស់ របស់ពួកគេ។

បាក់តេរី​លាមក ​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ជា​ទូទៅ​នៅ​លើ​កៅអី​អ្នក​បើក​បរ ដែល​មិន​សូវ​ជា​គួរឲ្យភ្ញាក់​ផ្អើល​ឡើយ។ ជាការពិតណាស់ ដោយដឹងបែបនេះហើយ អ្នកប្រហែលជាលែងចង់ញ៉ាំអាហារនៅក្នុងរថយន្តរបស់អ្នកទៀតហើយ។

ចំពោះកន្លែងដែល “កខ្វក់បំផុត” នៅក្នុងរថយន្ត «ឃ្លុបក្រោយ» ត្រូវបានគេរកឃើញថាមានបាក់តេរីចំនួន ១ ៤២៥ នៅទីនោះ។ បន្ទាប់មកទៀតគឺ កៅអីអ្នកបើកបរ (៦៤៩ បាក់តេរី), ចង្កឹះលេខ (៤០៧ បាក់តេរី), កៅអីខាងក្រោយ (៣២៣ បាក់តេរី) និង តាប្លូ (៣១៧ បាក់តេរី)៕

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម