Bentley គ្រោងចំនាយថវិកាច្រើនជាង ៣,៣ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍ​រថយន្តប្រើអគ្គិសនីសុទ្ធនៅឆ្នាំត្រឹម ២០៣០

[ទីផ្សារបរទេស] កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ កន្លងទៅ គេហទំព័រ Bloomberg បានរាយការណ៍ថា Bentley Motors ដែលជាក្រុមហ៊ុនផលិតរថយន្តប្រណិតរបស់ចក្រភពអង់គ្លេសមានអាយុកាល ១០២ ឆ្នាំបានបង្ហាញថាខ្លួនគ្រោងនឹងចំណាយថវិកាច្រើនជាង ៣,៣ ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំខាងមុខសម្រាប់ការអភិវឌ្ឍគ្រោងឆ្អឹងរថយន្តអគ្គីសនី ដើម្បីក្លាយជាម៉ាករថយន្តអគ្គិសនីប្រណីតលំដាប់ពិភពលោក ជាមួយបំណងផលិតរថយន្តប្រណីតអគ្គិសនីសុទ្ធនៅឆ្នាំត្រឹម ២០៣០។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Bentley Motor ដែលបច្ចុប្បន្នស្ថិតនៅក្រោមក្រុមហ៊ុន Volkswagen Group របស់អាល្លឺម៉ង់បាននិយាយថា ថវិកានេះនឹងត្រូវបានប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍ និងស្រាវជ្រាវ។ នេះរួមបញ្ចូលទាំងការជួសជុលរោងចក្រផលិតកម្មរបស់ក្រុមហ៊ុននៅ Crewe រហូតដល់ឆ្នាំ ២០៣២ ដែលរថយន្ត Bentleys ទាំងអស់ដែលបានលក់នៅទូទាំងពិភពលោកនឹងត្រូវប្រមូលផ្តុំនៅរោងចក្រផលិត Crewe របស់ខ្លួន ហើយ Bentley គ្រោងនឹងបង្ហាញចេញនូវរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅឆ្នាំ ២០២៥ ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ កាលពីបីឆ្នាំមុន ក្រុមហ៊ុន Bentley បានប្រកាសពីគោលដៅអាជីវកម្មរបស់ខ្លួនក្នុងការផ្លាស់ប្តូរឆ្ពោះទៅរករថយន្តអគ្គិសនីដែលជាផ្នែកមួយនៃផែនការផ្លាស់ប្តូររបស់ខ្លួនទៅលើគម្រោង “Beyond100” ។ Bentley មានគោលបំណងសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូនរបស់ខ្លួននៅត្រឹមឆ្នាំ២០៣០ រួមទាំងការផ្លាស់ប្តូររថយន្តទៅជារថយន្តប្រើអគ្គិសនីសុទ្ធ ១០០% ក្នុងរយៈពេលប្រាំបីឆ្នាំខាងមុខ។

ការផ្លាស់ប្តូរនេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ម៉ាករថយន្តប្រណីត​បំផុត ដែលបានបង្ហាញពីផែនការរបស់ខ្លួនដើម្បីឆ្ពោះទៅរករថយន្តដើរដោយថាមពលអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម