ឥណ្ឌាសម្រេចថាមិនបន្ធយពន្ធឡានអគ្គិសនីតាមសំណើរបស់មេ Tesla

[ទីផ្សារបរទេស] រដ្ឋាភិបាលប្រទេសឥណ្ឌាបានច្រានចោលសំណើពីលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ក្នុងការសុំឲ្យបន្ធូរបន្ថយពន្ធលើរថយន្តអគ្គិសនីដែលនាំចូលប្រទេសនេះ។

រដ្ឋាភិបាលនៃប្រទេសនេះនិយាយថាខ្លួនបានពិចារណាលើគំនិតនេះ ប៉ុន្តែបានសម្រេចហើយថាច្បាប់ពន្ធនេះគឺបានអនុវត្តន៍ជាមួយក្រុមហ៊ុនរថយន្តដទៃទៀត ដូចនេះក៏គួរតែអនុវត្តន៍សម្រាប់ Tesla ផងដែរ។ នេះបើតាមការចុះផ្សាយរបស់ Bloomberg។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Elon Musk ចង់ឲ្យប្រទេសឥណ្ឌាបន្ថយពន្ធលើការនាំចូលរថយន្តអគ្គិសនីឲ្យបានរហូតដល់ ១០០% ដើម្បី​អាចឲ្យរថយន្តអគ្គិសនីរបស់ខ្លួនឈរជើងក្នុងប្រទេសមួយនេះ មុនដាក់ចិត្តថានឹងសាងសង់រោងចក្រផលិតរថយន្តនៅប្រទេសនេះ។

តាមពិតទៅលោក Elon Musk ធ្លាប់បាននិយាយថាការផលិតរថយន្តអគ្គិសនីនៅឥណ្ឌាអាចលេចរូបរាងឡើង លុះត្រាតែការចចារលើការបន្ធូរបន្ថយពន្ធទទួលបានជោគជ័យ។

យ៉ាងណាក្ដីរដ្ឋាភិបាលសហព័ន្ធ បានសុំឲ្យ Tesla ពិចារណាលើការនាំចូលជាគ្រឿងបង្គុំ ឬជារថយន្តដែលមិនទាន់ដំឡើងរួចរាល់ ដែលទំនិញប្រភេទនេះមានអត្រាពន្ធនាំចូលទាបជាងរថយន្តដែលផលិតហើយទាំងស្រុង។

ត្បិតថាឥណ្ឌាជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទីពីរលើលោក ប៉ុន្តែរថយន្តអគ្គិសនីនៅមានចំណែកទីផ្សារតូចនៅឡើយ ដោយជាក់ស្ដែងទៅ​វាមានចំណែកមិនដល់ ១% ផង​ នៃចំនួនលក់រថយន្តសរុបនៅឥណ្ឌា ដោយនៅប្រទេសនេះនិយមប្រើប្រាស់រថយន្តខ្នាតតូច តម្លៃធូរថ្លៃ និងដំណើរការដោយប្រេងឥន្ធនៈ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម