Mazda បានបង្ហាញចេញរូបរាងផ្លូវការនៃរថយន្តអគ្គិសនីដំបូងរបស់ខ្លួន សម្រាប់ផលិតលក់លើទីផ្សារ ដែលជាម៉ូដែល Mazda MX-30។
ក្រុមហ៊ុនរថយន្តជប៉ុននិយាយថា MX-30 មានបំពាក់នូវម៉ូទ័រអគ្គិសនីនៅខាងមុខ ដែលផលិតកម្លាំងបាន ១៤២ សេះ ហើយវាទទួលបានថាមពលពីអាគុយទំហំ ៣៥,៥ គីឡូវ៉ាត់ម៉ោង ដែលក្រុមហ៊ុននិយាយថាអាចទ្រាំទ្រការជិះចម្ងាយប្រមាណ ២០០ គីឡូម៉ែត្រ។
រថយន្ត MX-30 គឺប្រើប្រាស់គ្រោងឆ្អឹង e-SkyActiv ដែលមានមកជាមួយនូវមុខងារសុវត្ថិភាពជាច្រើន។ ឧទាហរណ៍ដូចជា Smart Brake Support ជាមួយនឹង Turn-Across Traffic Detection ដែលប្រើប្រាស់រ៉ាដា និងកាមេរ៉ាខាងមុខ។
Mazda មិនបានបញ្ជាក់នៅឡើយទេថារថយន្តនេះនឹងបញ្ចេញលក់លើទីផ្សារនាពេលណានោះ ហើយក៏មិនបានប្រាប់អំពីតម្លៃដែរ៕