ឡានអគ្គិសនី Ioniq 5 ស៊េរីឆ្នាំ២០២៣ លក់នៅអឺរ៉ុប ដំឡើងអាគុយកាន់តែធំជាងមុន

[ទីផ្សារបរទេស] ក្រុមហ៊ុន Hyundai បានប្រកាសចេញជាផ្លូវការថារថយន្ត Ioniq 5 ស៊េរីឆ្នាំ២០២៣ ដែលលក់នៅអឺរ៉ុប នឹងមាន​ការ​ដុសខាត់​បន្ថែម ជាមួយការផ្លាស់ប្ដូរកាន់តែល្អប្រសើរជាច្រើនចំណុច។

ការផ្លាស់ប្ដូរទាំងនោះរួមមានអាគុយចំណុះធំជាងមុនដែលមានទំហំ ៧៧,៤kWh, ការបន្ថែមសមត្ថភាពផ្លាស់ប្ដូរកម្ដៅអាគុយទៅតាម​ធាតុអាកាសខាងក្រៅមុនការសាកអាគុយល្បឿនលឿន, ការបន្ថែមជម្រើសមុខងារ Digital Centre Mirror (កញ្ចក់មើលក្រោយប្រភេទឌីជីថល), ការបន្ថែមជម្រើសមុខងារ Digital Side Mirror (កញ្ចក់មើលឆ្វេងស្ដាំប្រភេទឌីជីថល) និងមុខងារ Smart Frequency Damplers ដែលធ្វើឲ្យការបើកបរកាន់តែមានផាសុកភាពជាងមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Ioniq 5 ស៊េរីឆ្នាំ២០២៣ នឹងបើកឲ្យធ្វើការកុម្ម៉ង់ទិញនៅអឺរ៉ុបចាប់ពីចុង​អំឡុង​ត្រីមាសទីពីរនៃឆ្នាំ២០២២នេះ ដោយ​តម្លៃលក់នៅមិនទាន់បង្ហាញនៅឡើយទេ។

គួរដឹងថាអាគុយ​របស់ Ioniq 5 ស៊េរីឆ្នាំ២០២៣ ប្រភេទ Long Range បាន​ដំឡើងពីទំហំដើម ៧២,៦kWh ឡើងដល់ ៧៧,៤kWh ដែលកើនឡើង ៦,៦% ខណៈដែល​ចំណុះអាគុយសម្រាបប្រភេទ Entry នៅរក្សាទំហំ ៥៨,២kWh ដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម