[ទីផ្សារបរទេស] លោក Stephan Winkelmann នាយកប្រតិបត្តិនៃក្រុមហ៊ុន Lamborghini បានប្រាប់កាសែតរបស់អាល្លឺម៉ង់ថា យីហោរថយន្តទំនើប Lamborghini ដែលស្ថិតក្រោមក្រុមហ៊ុន Volkswagen កំពុងសម្លឹងមើលការរក្សារថយន្តម៉ាស៊ីនចំហេះក្នុង ឲ្យនៅរស់លើសពីឆ្នាំ២០៣០។
លោក Stephan បានប្រាប់ទៅកាន់កាសែត Welt am Sonntag ថា “ក្រៅពីរថយន្តអគ្គិសនី យើងនឹងរង់ចាំមើលថា តើវាមានឱកាសអាចផ្តល់នូវរថយន្តប្រើម៉ាស៊ីនចំហេះក្នុង ក្រោយឆ្នាំ២០៣០ ដែរឬទេ”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Stephan បានបន្ថែមថា “លទ្ធភាពមួយអាចកើតឡើង គឺរក្សារថយន្តម៉ាស៊ីនចំហេះក្នុងឲ្យនៅរស់ តាមរយៈការប្រើប្រាស់ឥន្ធនៈសំយោគ”។
គួររំលឹកឲ្យដឹងថា លោក Stephan កាលពីខែមុនបាននិយាយថា Lamborghini គ្រោងនឹងបញ្ចេញម៉ូដែលអគ្គិសនីសុទ្ធដំបូងរបស់ខ្លួននៅចុងទស្សវត្សនេះ។
Lamborghini ក៏ដូចជាគូប្រជែងសំខាន់ៗ ដូចជា Ferrari, Aston Martin Lagonda និង McLaren កំពុងប្រជែងគ្នាពីរបៀបផ្លាស់ប្តូររថយន្តរបស់ពួកគេ ទៅជាថាមពលអគ្គិសនីសុទ្ធដោយមិនឲ្យបាត់បង់ដំណើរការ ដែលជាគុណតម្លៃនៃម៉ាករបស់ពួកគេ៕
ប្រភព ៖ CNA