ការបញ្ជាទិញរថយន្ត Acura Integra ២០២៣ នឹងបើកនៅថ្ងៃទី ១០ ខែមីនា ខាងមុខនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Acura បានធ្វើការប្រកាសថាពួកគេនឹងចាប់ផ្តើមទទួលយកការកក់ទុកសម្រាប់រថយន្ត Integra ស៊េរីឆ្នាំ ២០២៣ នៅថ្ងៃទី ១០ ខែមីនា។ ក្នុងនោះក្រុមហ៊ុនមិនបានបញ្ចេញព័ត៌មានលម្អិតច្រើននោះទេ ប៉ុន្តែបានស្នើឲ្យអតិថិជនធ្វើការកក់ឲ្យបានលឿន ព្រោះរថយន្តនេះ “ចំនួនមានកំណត់” ដែលនឹងចេញលក់នៅនិទាឃរដូវខាងមុខនេះ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានចេញផ្សាយក្នុងពេលឆាប់ៗនេះ ប៉ុន្តែរថយន្ត Integra ស៊េរីឆ្នាំ ២០២៣ ទ្វា៥ មានតម្លៃចាប់ផ្តើមប្រហែល ៣០​ ០០០ ដុល្លារ។ ស្របពេលដែល Acura មិន​បាន​បង្ហាញ​ម៉ូដែលផលិតកម្មសម្រេច​នៃរថយន្ត​នេះ ខណៈម៉ូឌែលគំរូបានបង្ហាញ​កាលពី​ខែ​វិច្ឆិកា​មុនកន្លងទៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះរថយន្ត Integra ទទួលយកការរចនាដោយប្រើភាសារចុងក្រោយបង្អស់របស់ Acura ព្រោះវាមានលក្ខណៈពិសេសផ្នែកខាងមុខបែបស្ព័រ ជាមួយនឹងប៉ាណាមុខ Diamond Pentagon, ចង្កៀងមុខ JewelEye ប្រភេទ LED និងអំពូលបំភ្លឺពេលថ្ងៃ Chicane ប្រភេទ LED, ឡូហ្គោ​ Integra នៅ​ក្រោម​ចង្កៀងខាង​មុខ​អ្នកបើកបរ និងនៅចំហៀង​ចង្កៀង​ក្រោយអ្នកធ្វើដំណើរ​។

សម្រាប់ផ្នែកខាងក្នុងការរចនាមើលទៅដូចទៅនឹងរថយន្ត Civic ដោយគំរូ​រថយន្ត​នេះ​មាន​បំពាក់ស្បែក​ពីរ​ពណ៌ two-tone, អេក្រង់​កម្សាន្ត freestanding និង​រន្ធ​ម៉ាស៊ីនត្រជាក់​ដែល​មាន​រចនា​សំណាញ់​ស្រដៀង​នឹង Civic ផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ ​ក្រុមហ៊ុន​បាន​បញ្ជាក់ថា រថយន្ត​នេះ​នឹង​បំពាក់​ម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២០០ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយ​ប្រអប់លេខអូតូ​ ៦វគ្គ និង​ប្រព័ន្ធចាក់សោរប៉ុងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម