[ទីផ្សារបរទេស] ចាប់តាំងពីក្រុមហ៊ុន Ferrari បានប្រកាសថា ពួកគេនឹងផលិតរថយន្តប្រភេទ SUV ជាង ៣ឆ្នាំមកនេះ រាល់គំរូរថយន្តដែលគេប្រមាញ់បាន សុទ្ធតែមានបំពាក់តែមបិតបាំងសឹងជិតរថយន្តតែម្តង។
ផ្ទុយទៅវិញ ថ្មីៗនេះស្រាប់តែមានរូបថតបែកធ្លាយបង្ហាញឲ្យឃើញនូវ រថយន្ត SUV ដំបូងរបស់ Ferrari គឺ Ferrari Purosangue ប្រភេទ pre-production ចេញពីរោងចក្រតែម្តង។
រូបថតប៉ុន្មានសន្លឹកនោះ បង្ហាញឲ្យឃើញនូវការឌីហ្សាញចង្កៀងមុខដាច់ពីគ្នា split headlight ស្រដៀងទៅនឹងម៉ូដែល Ferrari SF90 ដែរ ខណៈផ្នែកខាងមុខរបស់វាមើលទៅ គួរឲ្យទាក់ទាញ ប៉ុន្តែបើមើលតែមួយភ្លែតអាចច្រលំជាមួយនឹង Porsche Panamera ដែរ។
អ្វីដែលគួរឲ្យទាក់ទាញបំផុតនោះគឺ ការឌីហ្សាញផ្នែកខាងក្រោយ ជាមួយនឹងស្តុបក្រោយភ្លោះ៤ ស្រដៀងទៅនឹងម៉ូដែល Ferrari 296 GTB ព្រមទាំងប្រព័ន្ធស៊ីម៉ាំង៤ quad tailpipes និងកាងកាត់លំហូរខ្យល់ខាងក្រោយដ៏ធំទៀតផង។
យ៉ាងណាមិញ របាយការណ៍មួយចំនួនបានបង្ហាញថា រថយន្ត Ferrari Purosangue នឹងផ្តល់ជម្រើសម៉ាស៊ីន turbocharged ចំណុះ ៦,៥លីត្រ V12 ហើយមានជំនួយពីម៉ូទ័រអគ្គិសនីផងដែរ។ SUV ដំបូងបង្អស់របស់ Ferrari នេះ ក៏ទំនងអាចប្រើម៉ាស៊ីន Hybrid V6 ដែលមានកម្លាំង ៨១៩សេះ និងកម្លាំងរមួល ៧៤០ញ៉ូតុនម៉ែត្រ ដែរ។
មិនតែប៉ុណ្ណោះ វាក៏អាចនឹងប្រើម៉ាស៊ីនពីម៉ូដែល SF90 Stradale គឺ ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbocharged V8 ដែលបង្កើតកម្លាំងបាន ៧៦៩សេះ ឯណោះ៕