[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដំឡើងថ្លៃរថយន្ត Ford Mustang Shelby GT500 សម្រាប់ម៉ូដែលឆ្នាំ ២០២២ ចំនួន ៣ ៧៩៥ ដុល្លារ។ ខណៈ រថយន្ត Mustang ដំបូងបានវាយលុកទីផ្សារ ដោយមានតម្លៃចេញពីរោងចក្រ ៧០ ៣០០ ដុល្លារ បូករួមទំាងថ្លៃពន្ធ ២ ៦០០ ដុល្លារ និងថ្លៃដឹកជញ្ជូន ១ ១៩៥ ដុល្លារ ខណៈពេលនេះបានឡើងដល់ ៧៣ ៤៦៥ ដុល្លារ បូករួមទាំងថ្លៃពន្ធនិងដឹកជញ្ជូន ដែលស្មើរនឹង ៧៧ ២៦០ ដុល្លារ នេះបើតាមរបាយការណ៍គេហទំព័រ Cars Direct។
ទន្ទឹមនឹងនេះ មិនមានការអាប់ឌេតនៅចំនុចសំខាន់ៗណាមួយសម្រាប់រថយន្ត Mustang GT500 ស៊េរីឆ្នាំ ២០២២ទេ ប៉ុន្តែជម្រើសកញ្ចប់ Carbon Fiber Handling Package តម្លៃ ១០ ០០០ ដុល្លារមិនមានទៀតទេ។ ដោយមានតែកញ្ចប់ Handling Pack តម្លៃ ១ ៥០០ ដុល្លារ និង Carbon Fiber Track Pack មនតម្លៃ ១៨ ៥០០ ដុល្លារ។
លើសពីនេះ កញ្ចប់ Carbon Fiber Track Pack រួមមានថាសកង់ទំហំ ២០អ៊ីញ, កន្លែងកុងទ័រព័ត៌មានធ្វើពីកាបូន, ស្លាបខាងក្រោយធ្វើពីកាបូន, កៅអីពូកស្បែក Recaro, និងសំបកកង់ប្រភេទ Michelin Pilot Cup Sport 2 ដែលមានទំហំ 305/30 ខាងមុខ និង 315/30 នៅខាងក្រោយ។
ចំពោះការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ឆ្នាំ ២០២២ គឺមានទៅលើរថយន្ត GT500 Heritage Edition ។ ដោយម៉ូដែលនេះមានការរចនាតួខ្លួនជាមួយពណ៌ Brittany Blue ផ្តាច់មុខជាមួយនឹងតែមឆ្នូត Vinyl White Wimbledon ។ ក្នុងនោះ ក្រុមហ៊ុន Ford ក៏ផ្តល់ជូននៅតែមឆ្នូតដែលគូរដោយដៃផងដែរ ប៉ុន្តែក្នុងតម្លៃ ១២ ១៤០ ដុល្លារ។ លើសពីនេះ ការអាប់ឌេតមួយទៀតដែលធ្វើឡើងសម្រាប់ឆ្នាំ ២០២២ គឺពណ៌ថ្មីដែលមានឈ្មោះថា Code Orange ដែលផ្តល់ជូននៅលើ GT, F-150 Raptor និង Bronco Raptor ផងដែរ៕