ក្រុមហ៊ុន Tesla បានខកខានក្នុងការក្លាយជាម៉ាករថយន្តប្រណីតឈានមុខគេរបស់អាមេរិក នៅឆ្នាំ ២០២១ នៅពេលដែលក្រុមហ៊ុន BMW បានឈរនៅលើកំពូលតារាង ប៉ុន្តែតួលេខដំបូងបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កំពុងធ្វើដំណើរឆ្ពោះទៅរកជ័យជម្នះឆ្នាំ ២០២២ ហើយ។
បើតាមតួលេខថ្មីពី Experian បង្ហាញថា ការចុះបញ្ជីការលក់នៅខែមករារបស់ក្រុមហ៊ុន Tesla បានកើនឡើងគួរឱ្យចាប់អារម្មណ៍ គឺ ៤៩ ភាគរយ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដល់ចំនួនសរុប ៣៧ ១៦២ គ្រឿង។ បើប្រៀបធៀបទៅ BMW មានការកើនឡើង ៨,២ ភាគរយ ដល់ ៣០ ៥៦៣ គ្រឿង។
តួលេខរបស់ក្រុមហ៊ុន Tesla គឺគួរឱ្យចាប់អារម្មណ៍ ជាពិសេសនៅពេលដែលអ្នកពិចារណាថា វាលក់តែរថយន្តអគ្គិសនីទាំងស្រុង ខណៈពេលដែលចំនួនរថយន្ត BMW មានទាំងរថយន្តដែលបំពាក់ម៉ាស៊ីនចំហេះក្នុង និងរថយន្តកូនកាត់ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ទិន្នន័យចុងក្រោយរបស់ Experian បង្ហាញថា ការចុះបញ្ជីរថយន្ត Lexus បានធ្លាក់ចុះ ៦ ភាគរយមកនៅត្រឹម ២៤ ៨៤៣ គ្រឿងក្នុងខែមករា ប៉ុន្តែអ្នកចាញ់ធំគឺ Mercedes ដែលឃើញចំនួនធ្លាក់ចុះ ២០ ភាគរយ មកនៅត្រឹមតែ ២២ ០២២ គ្រឿងប៉ុណ្ណោះ៕