Rolls-Royce បិទឈប់ទទួលការកុម្ម៉ង់ទិញឡាន Wraith និង Dawn ចាប់ពីពេលនេះ

[ទីផ្សារបរទេស] លោក Torsten Müller-Ötvös ដែលជានាយកប្រតិបត្តិ Rolls-Royce បានបញ្ជាក់ថារថយន្ត Wraith និង Dawn ត្រូវបានបិទលែងទទួលយកការកុម្ម៉ង់ថ្មីពីទីផ្សារទូទាំងសកលលោកចាប់ពីពេលនេះតទៅហើយ។

រថយន្តទ្វារពីរនេះត្រូវបានបញ្ឈប់ការលក់នៅសហរដ្ឋអាមេរិកកាលពីចុងឆ្នាំ២០២១ ដោយសារការរឹតបន្តឹងលើច្បាប់ឧស្ម័នពុល ហើយពេលនេះលោក Torsten បានបញ្ជាក់ថាការកុម្ម៉ង់សម្រាប់រថយន្តទាំងពីរបានបិទនៅគ្រប់ទីផ្សារតែម្ដង។ យ៉ាងណាក្ដីការផលិតរថយន្តទាំងពីរអាចនឹងត្រូវបន្តរហូតដល់ដើមឆ្នាំ២០២៣ ដើម្បីបំពេញតាមការកុម្ម៉ង់ពីមុនមករបស់អតិថិជន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce បានឲ្យដឹងថារថយន្ត Wraith និង Dawn នេះនឹង​មិន​មាន​ម៉ូដែលណាចូលមកជំនួសឡើយ នៅពេលដែលរថយន្តនេះត្រូវបញ្ឈប់ការផលិត។ ទោះយ៉ាងណា នាយកប្រតិបត្តិក្រុមហ៊ុនបាន​ទទួលស្គាល់ថា​រថយន្តអគ្គិសនីសុទ្ធម៉ូដែល Spectre នឹងបំពេញជាតួនាទីជារថយន្តប្រភេទ coupé ក្នុងសែស្រឡាយរថយន្ត Rolls-Royce នាពេលអនាគត។

គួរដឹងថារថយន្តអគ្គិសនីដំបូងរបស់ Rolls-Royce បានស្ថិតនៅក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍​ចុងក្រោយ ជាមួយ​ការ​ប្រកាសចេញ​លើ​ទីផ្សារត្រូវបានកំណត់ថានឹងធ្វើឡើងនៅត្រីមាសទីបួន នៃឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម