[ទីផ្សារបរទេស] រថយន្ត GMC Hummer EV ដែលជាភីកអាប់អគ្គិសនីដ៏ល្បីឈ្មោះមួយ បានលក់ដាច់អស់បាត់ទៅហើយសម្រាប់ម៉ូដែលឆ្នាំដំបូង ប៉ុន្តែយ៉ាងណាតម្រូវការចំពោះរថយន្តនេះនៅតែមានខ្លាំងក្លានៅឡើយ។ ជាក់ស្ដែងគេឃើញមានរថយន្ត Hummer EV Edition 1 ដែលប្រើបានចម្ងាយ ១២៨០គីឡូម៉ែត្រ ទៅហើយនោះ បានដាក់លក់ក្នុងតម្លៃខ្ពស់ដល់ទៅ ២៧៥ ០០០ដុល្លារ។
តម្លៃនេះគឺថ្លៃជាងតម្លៃចេញពីរោងចក្រនៅសហរដ្ឋអាមេរិក ២,៥ដង ដោយតម្លៃចេញពីរោងចក្រគឺមានចាប់ពី ១១០ ២៩៥ដុល្លារ។ គួរដឹងថានេះមិនមែនជាលើកដំបូងនោះទេ ដែលរថយន្តភីកអាប់អគ្គិសនីនេះត្រូវបានដាក់លក់កប់ពពកបែបនេះ។ ប្រមាណបីសប្ដាហ៍មុន រថយន្តប្រភេទ Edition 1 ដែលប្រើបានចម្ងាយ ៦៤០គីឡូម៉ែត្រ បានលក់ចេញក្នុងតម្លៃដល់ ២៨៦ ០០០ដុល្លារ។
គួរដឹងថារថយន្ត Hummer ប្រភេទអគ្គិសនី Edition 1 នេះ មានប្រើម៉ូទ័រអគ្គិសនីចំនួនបី ដែលអាចផលិតកម្លាំងបាន ១០០០សេះ អាចឲ្យរថយន្តស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេលត្រឹម៣វិនាទី។ ប្រភេទនេះដែរមានមកជាស្តង់ដារនូវមុខងារពិសេសរបស់ Hummer EV ដូចជាមុខងារ Watts To Freedom, មុខងារដំណើរក្ដាម CrabWalk និងប្រព័ន្ធជំនួយបើកបរ Super Cruise ជាដើម៕