
ក្រុមហ៊ុន GMC បានធ្វើការដាក់បង្ហាញរថយន្ដគម្រូអគ្គិសនីមួយគូស៊េរីថ្មី ដែលបានបង្រួមតួខ្លួនឲ្យតូចជាងមុន បើធៀបនឹងស្រឡាយរថយន្តអគ្គិសនីខ្នាតយក្សពេលបច្ចុប្បន្នរបស់ម៉ាកយីហោមួយនេះកំពុងដាក់លក់។ រថយន្ដគម្រូទាំងពីរគ្រឿងនេះមិនបានដើរចេញឆ្ងាយពីអត្តសញ្ញាណដើមរបស់ខ្លួននោះទេ ហើយសម្រាប់រថយន្ដគម្រូអគ្គិសនីខ្នាតមធ្យមមួយគូមានឈ្មោះថា Hummer X SUV និង Hummer X Pickup។
បន្ទាប់ពីឃើញរូបរាងរបស់រថយន្ដនេះហើយ អាចសម្គាល់ដឹងភ្លាមៗថា រថយន្តគម្រូទាំងនេះគឺជាសមាជិកថ្មីស្ថិតក្នុងស្រឡាយគ្រួសារ Hummer ប៉ុន្តែវាក៏មានការផ្លាស់ប្តូររូបរាងខាងក្រៅសំខាន់ៗមួយចំនួន បើធៀបនឹងស្រឡាយរថយន្តដែលកំពុងផលិតលក់នាពេលបច្ចុប្បន្ន។ចាប់ផ្តើមដំបូងជាមួយរថយន្តប្រភេទ SUV បានប្រើប្រាស់រចនាបថពណ៌ចម្រុះ ដោយមានដំបូលកាប៊ីនពណ៌ក្រហម លាតសន្ធឹងពីលើបន្ទប់អ្នកដំណើរ។ រចនាសម្ព័ន្ធតួខ្លួនក៏មានភាពខុសប្លែកគ្នាដែរ។ ទោះបីជាយ៉ាងណាក៏ដោយ រថយន្តគម្រូទាំងពីរនេះនៅតែរក្សាទម្រង់ដំបូលរាបស្មើ ដូចទៅនឹងរៀមច្បងខ្នាតយក្សរបស់ពួកវាដដែល។
ជាមួយនឹងប្រវែងគម្លាតកង់មុខទៅកង់ក្រោយទំហំ ២,៩៤៦ មីលីម៉ែត្រ រថយន្តប្រភេទ SUV នេះ មានប្រវែងខ្លីជាងបន្តិចបន្តួចប៉ុណ្ណោះបើធៀបនឹងប្រវែង ២,៩៤៩ មីលីម៉ែត្រ របស់រថយន្ត Ford Bronco ហើយវាស្ថិតក្នុងកម្រិតប្រហាក់ប្រហែលគ្នាទៅនឹងប្រវែង ៣,០០៧ មីលីម៉ែត្រ របស់រថយន្ត Jeep Wrangler ទ្វារបួន។
សម្រាប់រថយន្ត Hummer X SUV មានប្រវែងខ្លីជាងម៉ូឌែល SUV កំពុងលក់លើទីផ្សារបច្ចុប្បន្នចំនួន ២០៣ មីលីម៉ែត្រ។ ដោយឡែក សម្រាប់រថយន្តប្រភេទ Pickup វិញ មានប្រវែងចន្លោះកង់ ៣,៣២០ មីលីម៉ែត្រ និងប្រវែងតួខ្លួនសរុប ៥,២៦៥ មីលីម៉ែត្រ ដែលខ្លីជាងម៉ូឌែលផលិតលក់បច្ចុប្បន្នចំនួន ១២៧ មីលីម៉ែត្រ និង ២៥៤ មីលីម៉ែត្រ។ ផ្អែកលើខ្នាតទំហំរូបរាងនេះ អាចបញ្ជាក់បានថា GMC ត្រៀមវាយលុកចូលក្នុងទីផ្សាររថយន្ត Off-Road ខ្នាតមធ្យម ជាពិសេសផ្ដល់មកជាមួយជម្រើសថាមពលអគ្គិសនី ស្របតាមតម្រូវការប្រើប្រាស់នាពេលបច្ចុប្បន្ន។
ក្រៅពីមានទំហំតួខ្លួនតូចជាងមុន និងរចនាបថរូបរាងខុសប្លែកគ្នាបន្តិចបន្តួច រថយន្តគម្រូ Hummer X ទាំង២គ្រឿងនេះ ក៏បានបំពាក់មកជាមួយនូវមុខងារកម្សាន្ត និងបច្ចេកវិទ្យាដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនផងដែរ។ មុខងារលេចធ្លោទាំងនោះ កម្មវិធីទូរស័ព្ទ (Family of apps) ដែលមានឈ្មោះថា “Hummer Hub” ព្រមទាំងមានដ្រូនសម្រាប់បើកផ្លូវស្វែងរកការណ៍ទុកមុនមួយគ្រឿង ដែលក្រុមហ៊ុនផលិតរថយន្តបានបញ្ជាក់ថា វាអាចហោះឡើងទៅលើមុនតាមគន្លងផ្លូវ ដើម្បីស្កេនមើលឧបសគ្គនានាក្នុងពេលជាក់ស្តែង មុនពេលហោះត្រឡប់មកវិញ រួចចុះចតចូលក្នុងចតហោះហើររបស់វាដោយស្វ័យប្រវត្តិ។

ទោះបីជាវាជារឿងដ៏អស្ចារ្យ និងទាក់ទាញខ្លាំងកម្រិតណា ប្រសិនបើក្រុមហ៊ុន GMC សម្រេចចិត្តជម្រុញរថយន្តគម្រូ Hummer ស៊េរីថ្មីទាំងនេះទៅកាន់សង្វាក់ផលិតកម្មពិតប្រាកដក៏ដោយ ប៉ុន្តែវាមិនមែនជាគម្រោងផែនការរបស់ក្រុមហ៊ុននោះឡើយ។ យោងតាមការបញ្ជាក់ផ្ទាល់ពីក្រុមហ៊ុនផលិតរថយន្តបានឱ្យដឹងថា រថយន្តគម្រូទាំងនេះគឺមិនត្រូវបានបម្រុងទុកសម្រាប់ផលិតលក់នៅលើទីផ្សារនោះទេ ពោលគឺពួកវាត្រូវបានបង្កើតឡើងដើម្បីដើរតួជាកន្លែងពិសោធន៍សាកល្បង សម្រាប់បច្ចេកវិទ្យាថ្មីៗ និងរចនាបថសោភ័ណភាពឌីហ្សាញជំនាន់ថ្មីតែប៉ុណ្ណោះ៕
























