ទីបំផុត Tesla ក៏ជៀសមិនរួចពីបញ្ហាដែលធ្វើឲ្យក្រុមហ៊ុនឡានដទៃឈឺក្បាលច្រើនខែ

[ទីផ្សារបរទេស] ក្នុងអំឡុងត្រីមាសទីមួយនៃឆ្នាំ២០២២នេះ Tesla ផលិតរថយន្តបានរហូតដល់ ៣០៥ ៤០៧គ្រឿង ខណៈដែលក្រុមហ៊ុនរថយន្តជាច្រើនបានប្រឈមមុខនឹងបញ្ហាផលិតដោយសារតែវិបត្តិនៃការខ្វះខាតគ្រឿងបន្លាស់។ ប៉ុន្តែពេលនេះដែរ Tesla កំពុងប្រឈមមុខនឹងបញ្ហាដូចគ្នា ដែលបានធ្វើឲ្យការផលិតចាប់ផ្ដើមមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។

នាយកផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុន Tesla កាលពីម្សិលមិញបាន​និយាយថា​ បញ្ហាក្នុងការផ្គត់ផ្គង់ពីដៃគូផ្គត់ផ្គង់មួយចំនួន រួមទាំងការ​បិទ​រោងចក្រ​នៅ​ទីក្រុងសៀងហៃដោយសារការផ្ទុះជំងឺកូវីដ១៩រលកថ្មី បាន​ធ្វើ​ឲ្យ​ការរីកចម្រើនផ្នែកផលិតកម្មរបស់ Tesla ជួបផលរំខាន។ ជាក់ស្ដែងក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ជាការធ្លាក់ចុះនៃការផលិតលើកដំបូងសម្រាប់ Tesla ចាប់តាំងពីការឆ្លងជំងឺរាតត្បាតកើតមានឡើង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះដែរ នាយកផ្នែកហរិញ្ញវត្ថុដែលមានឈ្មោះថា Zach Kirkhorn បានបញ្ជាក់ថា ៖ “យើងបានបាត់បង់ទំហំផលិត​រយៈពេលមួយខែចេញពីរោងចក្រនៅទីក្រុងសៀងហៃ។ ការផលិតកំពុងត្រូវបានបន្តឡើងវិញនៅក្នុងកម្រិតតិចតួច ហើយពួកយើងកំពុងខិតខំធ្វើយ៉ាងណាអាចផលិតបានពេញលេញវិញឲ្យបានយ៉ាងលឿនតាមដែលអាចធ្វើទៅបាន។”

ដោយឡែក នាយកប្រតិបត្តិក្រុមហ៊ុនលោក Elon Musk ជឿជាក់ថា​ទំហំផលិតនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២២នេះ ទំនងជាមិនមានការកើនឡើងឡើយបើធៀបនឹងត្រីមាសទីមួយ ប៉ុន្តែនៅរយៈពេល៦ខែចុងក្រោយនៃឆ្នាំ២០២២នេះអាចនឹងមានសញ្ញាវិជ្ជមានវិញ​។ គួរដឹងថា Tesla ដាក់គោលដៅចង់ផលិតរថយន្តឲ្យបានលើសពី ១,៥លានគ្រឿង នៅឆ្នាំ២០២២នេះ ដែល​មានន័យថា​ចាប់ពីខែមេសា ដល់ខែធ្នូ ត្រូវផលិតឲ្យបាន ១,២លានគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម